រយៈពេល 2ខែ ដើមឆ្នាំ2018 កម្ពុជាសម្រេចការនាំចេញអង្ករបានជាង11ម៉ឺនតោន

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ នៅត្រឹមរយៈពេល2ខែដើមឆ្នាំ2018 ពោលគឺខែមករា និងខែកុម្ភៈ កន្លងទៅនេះ កម្ពុជាបានសម្រេចធ្វើការនាំអង្ករចេញទៅទីផ្សារក្រៅប្រទេសបាន ជាង11ម៉ឺនតោន ដែលចំនួនទាំងនេះបានកើនឡើងប្រមាណជាង 0.8 % បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017 ។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយកាលពីពេលកន្លងទៅនេះ ។

ជាមួយនឹងការបង្ហាញពីចំនួនទិន្នន័យនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិខាងលើនេះ ត្រូវបានអ្នកជំនួញខាងការនាំចេញអង្ករបញ្ជាក់ប្រាប់ថា វាជាសញ្ញាបង្ហាញពីចំណុចវិជ្ជមានសម្រាប់ឆ្នាំ2018 ។ ដោយឡែកសម្រាប់គោលដៅទីផ្សារធំៗនៃការនាំចេញអង្ករកម្ពុជាក្នុងរយៈរយៈ2ខែកន្លងទៅនេះ រួមមាន ដូចជា ៖  1. ប្រទេស​ចិន​ ចំនួន 29501 ​តោន, ប្រទេសបារាំង ចំនួន 14743 ​តោន, ប្រទេសម៉ាឡេស៊ី ចំនួន ​9279​ តោន, ប្រទេសហ្គា​ប៊ុន ចំនួន 7267​​ តោន, ប្រទេសហូ​ឡង់ ចំនួន 5419 ​តោន , ប្រទេសប៉ូឡូញ ចំនួន 4934 តោន , ប្រទេសឆេក ចំនួន 3868 តោន, ប្រទេសប៊ែល​ហ្សិ​ក ចំនួន 3495 តោន, ប្រទេសហុងកុង ចំនួន 3399 ​តោន , និងចក្រភពអង់គ្លេស ចំនួន 3381​ តោន ជាដើម ហើយក្រៅពីនោះនៅមានបណ្តាប្រទេសជិតខាង ដែលស្ថិតនៅក្នុងតំបន់អាស៊ី និងនៅក្នុតំបន់អឺរ៉ុបមួយចំនួនទៀត ។

គួរកត់សម្គាល់ផងដែរថា ចំពោះការនាំចេញអង្ករសរុបក្នុងរយៈពេល 7ឆ្នាំ កន្លងទៅនោះ ដោយចាប់គិតពីឆ្នាំ 2011 រហូតដល់ឆ្នាំ 2017 កម្ពុជាសម្រេចបានត្រឹម 2,88 លានតោន។ ការនាំចេញនៅក្នុងឆ្នាំ2011 មានប្រមាណ 201.899 តោន, នៅឆ្នាំ2012 មានប្រមាណ 205.717 តោន, នៅឆ្នាំ2013 មានប្រមាណ 378.856 តោន, នៅឆ្នាំ2014 មានប្រមាណ 387.061 តោន, នៅឆ្នាំ2015 មានប្រមាណ 538.396 តោន, នៅឆ្នាំ2016 មានប្រមាណ 542.144 តោន និងនៅឆ្នាំ2017 មានប្រមាណ 635.679តោន ។ របាយការណ៍បានបង្ហាញទៀតថា ទិសដៅធំៗទាំង 5 នៃការនាំចេញអង្ករកម្ពុជា ពីឆ្នាំ 2011 ដល់ឆ្នាំ2017 ប្រទេសចិន បានឈរនៅលំដាប់កំពូលតារាង បន្ទាប់មកលេខរៀងទី2 គឺប្រទេសបារាំង , លេខរៀងទី3 ប្រទេសប៉ូឡូញ និងប្រទេសម៉ាឡេស៊ី ស្ថិតនៅ លេខរៀងទី 4 ខណៈដែលប្រទេស ហូឡង់ ឈរនៅលំដាប់លេខរៀងទី 5 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here