ផ្សារទំនើប The Bridge Commercial ពន្យាពេលបើកដំណើរការ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិ The Bridge Commercial បានសម្រេច​ពន្យាពេលបើកដំណើរការហើយ បន្ទាប់ពីផ្សារទំនើបនេះ បានប្រកាសបើកដំនើរការមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ មិនានេះថា ការបើកផ្សារទំនើបនេះនឹងពន្យាពេលដល់ត្រីមាសទី៣ ឆ្នាំ២០១៨ នេះ ដោយសារអ្នកអភិវឌ្ឍ​ន៍លោកពន្យាគំរោងនេះ។ ផ្សារទំនើបនេះមានទំហំ ២០,០០០ម៉ែត្រ ការ៉េ កំពស់ ៥ជាន់ និងមានចំណតរថយន្តចំនួន ១៥០០គ្រឿង ។ អ្នកនាងបន្តថា ក្រុមហ៊ុន CBRE Cambodia ដើរតួនាទីជាតំណាងអ្នកអភិវឌ្ឍន៍ ដើម្បីជួលស្តង់ក្នុងផ្សារទំនើបនេះដល់អតិថិជន ហើយរហូតមកទល់ពេលនេះ ផ្សារទំនើបនេះទទួលបានអតិថិជនមកជួលច្រើនរួចហើយ។

អ្នកនាងបន្តថា “យើងជឿជាក់ថាផ្សារនេះនឹងទទួលបានជោគជ័យ ដោយ​សារផ្សារនេះមានទីតាំងល្អ មានអតិថិជនស្រាប់នៅក្នុងគំរោងនេះ តំបន់នេះមានមនុស្សរស់នៅច្រើន ពិសេសទីតាំងសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ”។អ្នកនាងបន្តថា “យើងមិនប្រកួតប្រជែងជាមួយផ្សារទំនើប AEON Mall ដែលនៅជិតគ្នានេះទេ ដោយយើងព្យាយាមបំពេញឲ្យគ្នាទៅវិញទៅមក និងព្យាយាមបែងចែកចំណែ​កទីផ្សារខុសៗគ្នា និងផ្តល់ផលិតផលថ្មីដែល AEON MAll មិនមាន”។

អ្នកនាង អាន សុធីតា បានបន្តថា រហូតមកទល់ពេលនេះ មានអតិថិជនដែលជាអ្នកវិនិយោគសឹង្ហបុរី និងអ្នកវិនិយោគអន្តរជាតិជាច្រើន បានចូលមកកាន់ទីផ្សារនេះ តាមរយៈការផ្តល់សេវាម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មសុខភាព និងសេវាកម្មក្លឹបហាត់ប្រាណ ព្រមទាំងសេវាកម្មពាក់ព័ន្ឋជាច្រើនទៀត។

គម្រោង The Bridge ជាគំរោងអភិវឌ្ឍន៍តាមទស្សនទានអភិវឌ្ឍន៍ថ្មីតំបូងគេនៅកម្ពុជា ដែលវិនិយោគរួមគ្នាដោយក្រុមហ៊ុន World Bridge Land និងក្រុមហ៊ុន Oxley Holding International ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។ ក្រុមហ៊ុនទាំងពីរបានបោះទុនរួមគ្នា៣០០លានដុល្លារ សាងសង់អាគារពាណិជ្ជកម្មចម្រុះរួមមានផ្សារទំនើប ខុនដូ ការិយាល័យនិងផ្ទះរួម (Soho) កំពស់៤៥ជាន់ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមករាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here