តើចិនកំពុងផ្តោតវិនិយោគលើវិស័យអ្វីខ្លះនៅកម្ពុជា ?

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ បច្ចុប្បន្នបើនិយាយពីការលំហូរចូលនៃការវិនិយោគនៅកម្ពុជា ចិនត្រូវបានឈរនៅលេខរៀងលំដាប់កំពូល ដែលនៅក្នុងនោះរួមមានវិស័យជាច្រើន ដូចជាវិស័យកាត់ដេរ សណ្ឋាគារ មណ្ឌលកម្សាន្ត មណ្ឌលពាណិជ្ជកម្ម និងផ្នែកចំណីអាហារជាដើម។

ជាមួយគ្នានេះ នៅក្នុងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រាសធនធាន ELION នៃប្រទេសចិន និងជាប្រធានគណៈប្រតិភូវិនិយោគិនចិន មកកាន់ទឹកដីកម្ពុជាកាលពីម្សិលមិញនេះបានលើកឡើងថា បើទោះជាសព្វថ្ងៃចិនបានសម្រុកមកបណ្តាក់ទុនវិនិយោគយ៉ាងច្រើនគំហុកក៏ពិតមែន ប៉ុន្តែលោកចង់ជំរុញ និងសង្កត់ធ្ងន់ឱ្យមានការវិនិយោគ ទៅលើវិស័យចំនួន3ធំៗ នៅកម្ពុជា ដូចជា វិស័យទេសចរណ៍, វិស័យថាមពល, និងប្រព័ន្ធអេកូឡូស៊ី ។

លោក Wang Wenbiao ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រាសធនធាន ELION នៃប្រទេសចិន និងជាប្រធានគណៈប្រតិភូវិនិយោគិនចិន បានលើកឡើងថា នៅពេលឆាប់ៗខាងមុខនេះ សហគ្រាសធនធាន ELION របស់លោក នឹងនាំយកបច្ចេកវិទ្យាទំនើបមកកាន់កម្ពុជាដើម្បីអភិវឌ្ឍលើវិស័យបរិស្ថាន រួមជាមួយនឹងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីផងដែរ។ លោកបានបញ្ជាក់ថា ខាងប្រទេសចិនមានបទពិសោធន៍ខ្ពស់ខាងវិស័យអេកូឡូស៊ី ក្នុងការប្រែក្លាយតំបន់វាលខ្សាច់ឱ្យក្លាយជាតំបន់បៃតង ជាក់ស្ដែងដូចជាតំបន់វាលខ្សាច់ដ៏ធំ និងល្បីឈ្មោះជាងគេឈរនៅលំដាប់លេខរៀងទី7ក្នុងប្រទេសចិន ត្រូវបានសហគ្រាសធនធាន ELION របស់លោកប្រែក្លាយឱ្យទៅជាវាលបៃតងដ៏ស្រស់ស្អាតរួចទៅហើយ ។ ម៉្យាងទៀតចំពោះ ទីតាំងគោលដៅដំបូងនៅកម្ពុជា លោកបានសម្លឹងឃើញតំបន់វាលខ្សាច់ជាច្រើនកន្លែង ប៉ុន្តែចំណុចផ្តោតសំខាន់គឺដែនវាលខ្សាច់នៅក្នុងខេត្តព្រះសីហនុ ជាអាទិភាព ។

លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងថា បច្ចុប្បន្ននេះ កោះមួយចំនួននៅក្នុងខេត្តព្រះសីហនុ បានក្លាយជាគោលដៅអភិវឌ្ឍន៍ទេសចរណ៍កម្រិតជាតិ និងអន្តរជាតិ មានសណ្ឋាគារ  ម៉ូតែល បឹងហ្កាឡូ និងផ្ទះសំណាក់ប្រណិតៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកកម្សាន្ត។ កោះទាំង៣២ នៅខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលធ្វើកិច្ចសន្យាឱ្យក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិធ្វើការវិនិយោគ។ ប៉ុន្តែក្រុមហ៊ុនវិនិយោគមួយចំនួន មិនទាន់បានអនុវត្តន៍តាមកិច្ចសន្យា ហើយកោះខ្លះត្រូវបានវិនិយោគសម្រេចបាន១០០ភាគរយ ដូចជាកោះអូន និងកោះបង ចំណែកកោះខ្លះកំពុងសិក្សា វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ដូចជា កោះត្រេះ កោះប្រឺស មួយផ្នែកកោះរ៉ុង និងមួយផ្នែកកោះឫស្សី។ ដោយឡែកកោះក្របីកំពុងដំណើរការសាងសង់ គម្រោងវិនិយោគលើវិស័យទេសចរណ៍ យ៉ាងមមាញឹកដោយរក្សាបរិស្ថានព្រៃធម្មជាតិ ។

លោកបញ្ជាក់ថា អ្វីដែលជាបញ្ហាបារម្ភគឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ឆ្នេរ និងបរិស្ថានដែលកំពុងទទួ​លរងការគំរាមកំហែង និងថយចុះនូវគុណភាព និងបរិមាណដោយការបង្ហូរសំ​ណល់រឹង រាវចូលសមុទ្រដោយផ្ទាល់ និងដោយប្រយោល។ ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ កោះមិនទាន់បានល្អស្របតាមច្បាប់ និងបទដ្ឋានដែលបានកំណត់។ ម្យ៉ាងថវិកាគាំទ្រអភិវឌ្ឍន៍តំបន់ឆ្នេរនៅមានកម្រិត ខ្វះមធ្យោបាយចុះតាមដាន និងពិនិត្យគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាកោះនានា។ ក្នុងនាមជាថ្នាក់ដឹកនាំក្នុងខេត្តព្រះសីហនុ លោកពិតជារីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងវិនិយោគ និងការនាំយកបច្ចេកវិទ្យាទំនើបលើការអភិវឌ្ឍវិស័យបរិស្ថាន និងអេកូឡូស៊ី របស់សហគ្រាសធនធាន ELION ជាខ្លាំង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here