ដឹងទេមានអ្វីផ្លាស់ប្តូរខ្លាំងនៅខេត្តព្រះសីហនុបន្ទាប់ពីកំណើនវិនិយោគចិន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ ហើយអ្វីកាន់តែគួរឲ្យភ្ញាក់ផ្អើលម្ចាស់​ដីមួយចំនួនបានទាមទារឡើងថ្លៃដីស្ទើររៀងរាល់មួយសប្តាហ៍ម្តង។

បច្ចុប្បន្នខេត្តព្រះសីហនុ មានការរីកដុះដាលនូវអគារថ្មីៗ ខ្ពស់ៗ ដូចជាខុនដូ សណ្ឋាគារ និងផ្សារទំនើបជាដើម។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយ​កម្មនិងសំណង់ និងក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីពេលថ្មីៗនេះបានឲ្យដឹងថា វិនិយោគិនចិនឈរលេខ១ ក្នុងចំណោមជាតិសាសន៍ផ្សេងទៀត ជាហេតុដែលធ្វើឱ្យខេត្តជាប់មាត់សមុទ្រកម្ពុជា មួយក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរទាំងបួន ឬតំបន់ K4 មានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ អ្វីកាន់តែពិសេសវិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំង តម្លៃដីធ្លីហក់ឡើងថ្លៃខ្ពស់ជាងពេលណាៗទាំងអស់។

អ្នកស្រីតាំង ហួរនាយិកាក្រុមហ៊ុន AMATAK Property Service បានថ្លែងឲ្យ​ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ ខែមីនានេះថា តម្លៃដីធ្លីនៅខេត្តព្រះសីហនុមានការផ្លាស់ប្តូរស្ទើររៀងរាល់មួយសប្តាហ៍ ឬពីរសប្តាហ៍ម្តង ដោយសារកំនើននៃការវិនិ​យោគរបស់អ្នកវិនិយោគចិន និងអ្នកវិនិយោគក្នុងស្រុក កំពុងឆ្ពោះទៅកាន់ទីក្រុងមាត់សមុទ្រនេះយ៉ាងសម្បើម។

អ្នកស្រីបន្តថា “ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ ជារឿងល្អព្រោះ​វានឹងធ្វើឲ្យខេត្តនេះក្លាយជាទីក្រុងស៊ីវិល័យមួយ នៅរយៈពេល៥ទៅ១០ឆ្នាំខាង​មុខ”។អ្នកស្រីបន្តថា “អ្វីកាន់តែពិសេសវានឹងផ្តល់ការងារ ផ្តល់ចំណូលរដល់រដ្ឋាភិ​បាលកាន់តែច្រើន ហើយកុំភ័យចិនមិនមកយកដីខ្មែរទេ ដីខ្មែរនៅតែដីខ្មែរ ពួកគេមិនអាចលើកយកអាគារពួកគេត្រលប់ទៅប្រទេសគេវិញនោះទេ”។

លោក ឡៅ ហេង ម្ចាស់សណ្ឋាគារអូឈើទាលនៅខេត្តព្រះសីហនុបានមាន​ប្រសាសន៍ថា វាជារឿងល្អប្រសើរណាស់ ដែលក្រុមហ៊ុនចិនចូលមកវិនិយោគកាន់តែច្រើននៅខេត្តព្រះសីហនុ ដែលនឹងជួយទាក់ទាញអ្នកវិនិយោគ និងអ្នកទេ​សចរណ៍មកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។ លោកបន្ត​ថា “យ៉ាងណាក៏ដោយទាមទារឲ្យរដ្ឋាភិបាល ពិសេសអាជ្ញាធររឹតបន្តឹងលើសន្តិសុខផងដែរ ព្រោះយើងត្រូវការទាំងភ្ញៀវចិន និងអឺរ៉ុប ពោលគឺមិន​ចង់បានមួយ បាត់មួយនោះទេ”។ យ៉ាងណាក៏ដោយ កំនើននៃអ្នកវិនិយោគចិន ក៏មានបញ្ហាផងដែរ ដោយ​សារតម្លៃអចលនទ្រព្យបានកើនឡើងខ្លាំង។

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងថា កំណើនអ្នកវិនិយោគចិន បានធ្វើឲ្យតម្លៃការិយាល័យ ឬតម្លៃផ្ទះជួលបានកើនឡើងទ្វេរដង ឬច្រើនជាងនេះ ដោយពីមុនផ្ទះមួយល្វែងអាចរកជួលបានក្នុងតម្លៃ៥០០ដុល្លារ ប៉ុន្តពេលនេះចិនបានជួលក្នុងតម្លៃ ១០០០ ទៅ ១៥០០ ដុល្លារ ​ក្នុងមួយខែ។ នេះជាបញ្ហាប្រឈមធំមួយ ប៉ុន្តែយ៉ាងណាលោកសប្បាយចិត្តនឹងកំនើនតម្លៃអចលនទ្រព្យ និងការរីកចម្រើននៅខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here