ដោយ ៖ ដួង ចន្រ្ទា
ភ្នំពេញ ៖ ក្រុមហ៊ុន Tianjin Union Development Group (TUDG) បាន និងកំពុងពន្លឿនការវិនិយោគរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុងកំពុងពន្លឿនការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកោះកុង និងកំពង់ផែទឹកជ្រៅក្នុងខេត្តនេះ។
ប្រធានមន្ទីរទេសចរណ៍ខេតកតកោះកុង លោក ប៊ុន ទៀត បានថ្លែងឲ្យដឹងតាមទូរស័ព្ទថា បច្ចុប្បន្នអ្នកវិនិយោគរមណីយដ្ឋានតារាសាគរ ក្នុងស្រុកគិរីសាគរ និងស្រុកថ្មបាំង ក្នុងខេត្តនេះកំពុងពន្លឿនការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិរបស់ខ្លូន។ ក្រុមហ៊ុននេះក៏បាន និងកំពុងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយទៀតផងដែរ។ លោកបន្តថា “ដំណើរការសាងសង់ព្រលាន និងកំពង់ផែកំពុងដំនើរការទៅមុខលឿនជាងមុន ប៉ុន្តែហេដ្ឋារចនាសម្ពន្ឋនានាមិនទាន់បានលេចចេញជារូបរាងច្រើនទេ ដោយសារវាត្រូវការពេលវេលា”។
-->

ក្រុមហ៊ុន Tianjin Union Development Group បានទទួលសិទ្ឋិសប្បទានពីរាជរដ្ឋា ភិបាលកម្ពុជា វិនិយោគរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង ដែលមានផ្ទៃដីជាង ៥ម៉ឺន ហិកតា។ គំរោងនេះរួមមានលំនៅដ្ឋាន សណ្ឋាគារ ទីលានវាយកូនហ្គោល ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ និងសេវាកម្មជាច្រើនទៀត សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងផងដែរថា ភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនេះបានមកជួបជាមួយមន្រ្តីជំនាញ និងមន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចំនួនពីរលើកមកហើយ ដើម្បីបង្ហាញពីគំរោងរបស់ពួកគេ និងសកម្មភាពនៃការចាប់ផ្តើមគំរោងនេះ។ លោកបន្តថា ព្រលានយន្តហោះនេះសាងសង់លឿនឬយឺតអាស្រ័យលើល្បឿន នៃការអភិវឌ្ឍន៍រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកថ្មបាំង និបុទុមសាគរក្នុងខេត្តកោះកុង។
ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលជាង៥ម៉ឺនហិកតា ដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នកសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។

លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា សកម្មភាពឈូសឆាយទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ ប៉ុន្តែសកម្មភា ពហាក់មានភាពយឺតៗ ដោយសាររដូវភ្លៀង ប៉ុន្តែនៅពេលបញ្ចប់រដូវភ្លៀងសកម្មភាពនៃការសាងសង់នឹងត្រូវពន្លឿនហើយ។
ទោះជាយ៉ាងណាតាមព៌តមានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោគដោយក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋានទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។
តំណាងក្រុមហ៊ុន Tainjin Union Development Group លោកស្រី ប៊ែលឡា ហ្សាង ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការធ្វើផែមការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំBoing៣៨០ ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្រ្ត និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះនេះរួចហើយ៕











