ដោយ ៖ រ៉ាវី
ភ្នំពេញ ៖ យ៉ាងយូរបំផុតត្រឹមថ្ងៃទី06 ខែមេសា ខាងមុខនេះ សេវាដឹកអ្នកដំណើរតាមផ្លូវទឹកផ្តើមចេញចាប់ពីផែព្រែកព្នៅរហូតដល់ក្រុងតាខ្មៅ នឹងត្រូវចាប់ដំណើរជាផ្លូវការហើយ ដើម្បីជាការចូលរួមចំណែកផ្តល់ភាពងាយស្រួលក្នុងការធ្វើរបស់ប្រជាពលរដ្ឋមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់។ នេះបើតាមការឱ្យដឹងពីសំណាក់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ខណៈពេលលោកចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែ ដែលជាទីចំណតទូក ។

-->
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ជាជំហ៊ានដំបូងនៃដំណើរនេះគឺមានទូកចំនួន03គ្រឿង ដោយ2គ្រឿងជាទូករបស់ក្រុមហ៊ុន ROYAL EXPRESS BOAT ដែកអាចផ្ទុកមនុស្សបានចំនួន60នាក់ ហើយមួយគ្រឿងទៀតជារបស់រដ្ឋាករស្វយ័តដែលអាចផ្ទុកមនុស្សបានចំនួន54នាក់ ។ លោកបានបន្តថា តាមគម្រោង ចំពោះការមធ្យោបាយដឹកអ្នកដំណើរតាមផ្លូវទឹកនេះ គឺមានទូកសរុបចំនួន 5 ប៉ុន្តែមូលហេតុដាក់ឱ្យដំណើរជាជំហ៊ានដំបូងត្រឹមចំនួន03គ្រឿងនេះ ក៏ព្រោះតែទូក02គ្រឿងទៀតកំពុងតែតម្លើងមិនទាន់រួចជាស្ថាពរនៅឡើយ ។ ដោយឡែកចំពោះកំពង់ផែ ឬកំពង់ចំណតវិញគឺមានសរុបចំនួន15ទីតាំង រាប់ចាប់ពីតំបន់ព្រែកព្នៅរហូតដល់ក្រុងតាខ្មៅ ប៉ុន្តែជាមួយនឹងដំណើរការជាជំហ៊ានដំបូងនេះ គឺដាក់ឱ្យប្រើត្រឹម6តែប៉ុណ្ណោះ ដែលដឹកជញ្ជូនត្រឹមតែជាអ្នកដំណើរ។ ដោយឡែកសម្រាប់កំពង់ផែចំនួន9ទៀតនឹងដាក់ឱ្យប្រើប្រាស់នៅជំហ៊ានបន្ទាប់ ដែលក្នុងនោះក៏មានកំពង់ផែសម្រាប់ដឹកទំនិញ និងកសិផលរបស់ប្រជាកសិករផងដែរ ។

លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងផែនការមេរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញថា ចំពោះទូកដឹកជញ្ជូនអ្នកដំណើរនីមួយៗមានប្រវែង ១៤ម៉ែត្រ និងទទឹងមានទំហំ ៣,៩ម៉ែត្រ ហើយអាចផ្ទុកអ្នកដំណើរបាន ៤៨នាក់។ សម្រាប់ទីតាំងចំណត់ទាំង១៥ នៃកំពង់ផែ ទូកដឹកអ្នកដំណើរមានដូចជា៖ រាជធានីភ្នំពេញ៖ -ទី១. គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា) -ទី២. គីឡូម៉ែត្រលេខ៦ – ទី៣. ខាងមុខឃ្លាំងសាំង ឬស្សីកែវជាប់នឹងទីលានប្រជាធិបតេយ្យថ្មី – ទី៤. ផែបណ្ដែតមុខផ្សាររាត្រី – ទី៥. កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ – ទី៦. ភូមិដើមចាន់ ឬគល់ស្ពានក្បាលថ្នល់ខាងកើត – ទី៧. ចំណតរថយន្តចាក់អង្រែក្រោម – ទី៨. បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់ – ទី៩. ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប) – ទី១០. ជាប់សណ្ឋាគារសុខា – ទី១១. ភូមិកោះនរា – ទី១២. កំពង់ចម្លងក្តីតាកុយ – ទី១៣. កំពង់ចម្លងតាព្រហ្មមាត់ក្រសះ ។ ដោយសម្រាប់ខេត្តកណ្តាល ៖ – ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) – ទី២: កំពង់ចម្លងរោងចក្រក្តារបន្ទះផ្លូវត្រី ៕
