ដំណឹងល្អ ៖ ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុនឹងសាងសង់ដើមឆ្នាំ២០១៩

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ដំណឹងល្អ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ​បានកំណត់កាលបរិច្ឆេទសាងសង់ ជាផ្លូវការហើយ ដោយផ្លូវល្បឿនលឿនជាលើ​កតំបូងនេះនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ និងបញ្ចប់នៅ ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំនៅសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៦ មិនានេះរវាងលោក​យន្ត មីនអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រុមហ៊ុនChina Road&Bridge Corporation បានកំណត់ពីពេលវេលាសាងសង់ ផ្លូវប្រវែង ជាង១៩០,១៦គីឡូ​ម៉ែត្រនេះជាផ្លូវការហើយ ដោយគ្រោងចំណាយថវិកាសរុប១,៧៨២លានដុល្លារអាមេរិក។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវនេះនឹងសាងសង់ជាពីរគន្លងទៅមក និងមានការរៀបចំរបងអមសងខាងផ្លូវ ដែលមិនអនុញ្ញាត្តឲ្យគោ ក្របីអាចឆ្លងកាត់ផ្លូវនេះបានឡើយ ហើយចំណុចឆ្លងកាត់ផ្លូវនេះក៏មិនមានច្រើនផងដែរ។លោកបន្តថា នៅពេលផ្លូវនេះបញ្ចប់ការសាងសង់ ផ្លូវនេះនឹងសម្រួលការដឹកជញ្ជូន និងកាត់​បន្ថយថ្លៃដើម ដឹកជញ្ជូន ដោយសារវាជាផ្លូវល្បឿនលឿន និងចំណាយពេលតិច​ក្នុងការធ្វើដំណើរ។ លោកបន្តថា “ផ្លូវនេះនឹងសាងសង់អមផ្លូវជាតិលេខ៤ទាំងឆ្វេង និងស្តាំស្របតាមសណ្ឋាននៃការរៀបចំសម្រាប់ផ្លូវ ល្បឿនលឿននេះ”។លោកបន្តថា “រដ្ឋាភិបាលត្រូវវិនិយោគកាន់តែច្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ព្រោះដើម្បីជំរុញកំនើនសេដ្ឋកិច្ច ត្រូវតែមានការវិនិយោគលើការសាង​សង់ហេដ្ឋារចនាសម្ព័ន្ឋ”។

ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីសិក្សាការអភិវឌ្ឍន៍លោកបណ្ឌិត ម៉ី កល្យាណ បានយល់ស្របនឹងការ លើក ឡើងខាងលើ ដោយលោកបានថ្លែងថា ដើម្បីអភិ​វឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាឈានទៅកាន់ ដំណាក់កាលថ្មីមួយ និងរីកចម្រើនជាបន្តទៀត ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ ជារឿងចាំ​បាច់មិន អាចខ្វះបាន។ លោកបន្តថា “រដ្ឋាភិបាលកំពុងធ្វើការងារនេះ តែខ្ញំចង់ជម្រុញឲ្យរដ្ឋាភិបាល ពន្លឿនការវិនិយោគ លើផ្លូវ ព្រោះផ្លូវមួយៗមិនចំណាយពេល១ខែឬ១ឆ្នាំបញ្ចប់បានទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here