អស្ចារ្យណាស់ ….អគារភ្លោះកម្ពស់ជិត៦០០ម៉ែត្រ តម្លៃជាង៣ពាន់លានដុល្លាររបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានបញ្ចុះបឋមសិលាសង់ជញ្ជាំងបេតុងទ​ប់ដី មុនបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

0
  • គម្រោងសាងសង់អគារភ្លោះដែលមានកម្ពស់ខ្ពស់កប់ពពករហូតដល់៦០០ម៉ែត្រ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅត្រឹមរសៀលថ្ងៃទី១៩ ខែមីនា នេះ បានប្រារព្វពិធីបញ្ចុះបឋមសិលា សង់ជញ្ចាំងបេតុងដើម្បីទប់ដីមុនពេលបុកគ្រឹះជាផ្លូវការក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ។
  • លោក ទួស សាភឿន ប្រធានក្រុមការងារស្ថាបតយ្យករ នៃក្រុមហ៊ុនសំណង់ ថៃ ប៊ុនរ៉ុង និងជាអគ្គលេខាធិការរងគណៈស្ថាបតយ្យកម្មកម្ពុជា បានថ្លែង ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលាបួងសួងសូមសិរីសួស្តី ពីម្ចាស់ទឹកម្ចាស់ដី នៃគម្រោងសាងសង់អាគារ «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» លំដាប់ពិភពលោក។ នេះជាព្រឹត្តការណ៍បើកការដ្ឋានដំបូង គឺសម្រាប់ការដ្ឋានគម្រោងជញ្ជាំងបេតុងទប់ដី ដើម្បីធ្វើគ្រឹះបង្ការកុំឲ្យមានការបាក់ច្រាំង នៅពេលការចាប់ផ្តើមសាងសង់សំណង់ អគារភ្លោះទាំងមូលនៅពេលខាងមុខ។
  • លោកបានបញ្ជាក់ទៀតថា គម្រោង «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» សាងសង់នៅលើផ្ទៃដីទំហំ៤៩,៧៣២ម៉ែត្រក្រឡា ដែលមានកំពស់៥៦១.៧ម៉ែត្រ ស្មើនឹង១៣៣ជាន់ គឺគិតចំនួនផ្ទៃដែលប្រើប្រាស់បាន បើគិតបញ្ចូលទាំងកំពស់អង់តែន២៥ម៉ែត្រទៀត គឺមានកំពស់រហូតដល់៥៨៦.៧ម៉ែត្រឯណោះ » ។
    លោកបានបន្ថែមថា ៖ «ប្លង់ស្ថាបត្យកម្មរបស់អគារនេះ ទទួលបានការចូលរួមសិក្សាពីស្ថាបត្យករមកពី៦ប្រទេស ហើយប្លង់នេះបានបញ្ចប់រួចរាល់ហើយ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីបណ្តាប្រទេសមួយចំនួន។ ពេលនេះក្រុមការងារបច្ចេកទេស បាននឹងកំពុងសិក្សាបន្ថែមទៀត ។ គម្រោងមួយនេះ យើងបានប្រើប្រាស់ថវិកាអស់ជាច្រើនលានដុល្លាររួចមកហើយ។ នៅពេលអគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ សាងសង់ចប់ នឹងក្លាយជានិម្មិតរូប នៃការអភិវឌ្ឍជាតិ មុខមាត់របស់ប្រទេសកម្ពុជាទាំងមូល និងជាពិសេសបានលើកតម្លៃកិត្យានុភាព សម្រាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ដែលជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់។ វាមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ឲ្យចូលមកប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត ព្រោះបច្ចុប្បន្ននេះកម្ពុជាមិនទាន់ មានការិយាល័យលំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកបើកការិយាល័យនៅរាជធានីភ្នំពេញ បានច្រើននៅឡើយ»។

LEAVE A REPLY

Please enter your comment!
Please enter your name here