ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ តើអ្នកដឹងទេថារហូតមកទល់ពេលនេះ មានក្រុមហ៊ុនបរទេសប៉ុន្មានមកវិនិយោគនៅកម្ពុជា? បើយោងតាមតួលេខបង្ហាញដោយក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៧កន្លងមកនេះ មានក្រុមហ៊ុនបរទេសសរុប២១៥២ក្រុមហ៊ុន ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ពួកគេបានវិនិយោគលើវិស័យសំខាន់ៗចំនួន៤ រួមមានវិស័យទេសចរណ៍មានចំនួន១៥៨ក្រុមហ៊ុន វិស័យកសិកម្មចំនួន១៩៣ក្រុមហ៊ុន វិស័យហេដ្ឋារចនាសម្ពន្ឋចំនួន ១៣១ក្រុមហ៊ុន និងវិស័យរោងចក្រ សហគ្រាសផ្សេងៗចំនួន១៦៧០ក្រុមហ៊ុន។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៣ មិនានេះថា ការកើនឡើងនៃក្រុមហ៊ុនអន្តរជាតិទាំងនោះ ដោយសារបរិយាកាសវិនិយោគកាន់តែប្រសើរ ពិសេសកំនើនសេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឲ្យកម្ពុជាជាកន្លែងមួយទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង។ អ្នកនាងបន្តថា “កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ាន ដែលមានកំនើនសេដ្ឋកិច្ចល្អជាងគេ និងមានការរីកចម្រើនលឿនជាងគេ”។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market consultingបានថ្លែងថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ប្រហែលក្រុមហ៊ុនមកពីប្រទេសចិន កោះត៉ៃវ៉ាន់ និងក្រុងហុងកុងបានមកវិនិយោគនៅកម្ពុជាច្រលនជាងគេ នៅលើវិស័យរោងចក្រ សហគ្រាស វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោយសារកម្ពុជាស្ថិតនៅក្នុងគោលនយោបាយផ្លូវសូត្រ ខ្សែ ក្រវ៉ាត់មួយ ផ្លូវមួយ។ លោកបន្តថា “អ្វីជាការលើកឡើងពីស្ថាប័នអន្តរជាតិបានបង្ហាញថា បរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ប៉ុន្តែមិនទាន់ដល់កម្រិតដែលអ្នកវិនិយោគពីអឺរ៉ុបចង់បាននៅឡើយទេ”៕