ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ បុរី ប៉េង ហួតបានសម្រេចបោះទុន៦០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិមួយ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យរាជធានីភ្នំពេញ។
អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួតលោកឧកញ៉ា ប៉េង ហួត លោកឧកញ៉ា ថៃ ម៉េងលីបានថ្លែង ក្នុងពិធីបើកការដ្ឋានសម្ភោធផ្សារទំនើប PH Diamond Placeនាព្រឹកថ្ងៃទី២៤ មិនានេះថា បុរីប៉េង ហួតមានមោទនភាពក្រៃលែង ក្នុងការនាំមកនូវគំរោងថ្មីមួយទៀត PH Diamond Place ដែលជាគំរោងផ្សារទំនើបទី២ បន្ទាប់ពីគំរោងផ្សារទំនើប PH ECO MALL ដែលបានចាប់បុកគ្រឹះសាងសង់កាលពីថ្ងៃទី១៧ ធ្នូកន្លងមកនេះ។
-->

គំរោងផ្សារទំនើបPH Diamond Placeជាផ្នែកមួយនៃគំរោងអភិវឌ្ឍន៍ចម្រុះ The Star Diamond ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ និងលាតសន្ឋឹងលើផ្ទៃដីប្រមាណ៤០ហិកតា។ នៅក្នុងគំរោងThe Star Diamondនេះយើងមានការអភិវឌ្ឍជាបុរីដែលមានលំនៅដ្ឋានប្រណីតៗ ការអភិវឌ្ឍចម្រុះដែលមាន អាគារខុនដូ និងការិយាល័យខ្ពស់ៗ ការអភិវឌ្ឈសាលសន្និបាតឬសាលសម្រាប់រៀបចំអាពាហ៍ពិពាហ៍ អាគារការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុនបុរីប៉េង ហួតគ្រុប និងផ្សារទំនើបPH Diamond Place។
លោកឧកញ៉ា ថៃ ម៉េងលី បានបន្តថា “ក្រុមហ៊ុននឹងផ្តល់ជូននូវភាពងាយស្រួល និងបទពិសោធន៍ដើរផ្សារទំនើបស្តង់ដារអន្តរជាតិ នៅក្នុងទីតាំងដែលពោរពេញដោយសក្តានុពល”។លោកបន្តថា “ការអភិវឌ្ឍផ្សារទំនើបPH Diamond Place នេះឡើងជាផ្នែកមួយ នៃយុទ្ឋសាស្រ្តអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនបុរីប៉េង ហួតគ្រុប ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពនយោបាយល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជម្រុញឲ្យមានការអភិវឌ្ឍទីក្រុងស្អាត និងបង្កើតគោលដៅទេសចរណ៍ឲ្យកាន់តែច្រើន។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់ដែលបានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសម្ភោធបើកការដ្ឋានសាងសង់ ផ្សារទំនើប PH Diamond Place បានថ្លែងថា លោកគាំទ្រឲ្យមានការរៀបចំការអភិវឌ្ឍនៅតំបន់នេះ ហើយការអភិវឌ្ឍផ្សារទំនើបបែបនេះ ជាការឆ្លើយតបនឹងគោលនយោបាយរបស់រដ្ឋាភិបាល ព្រោះវាបានផ្តល់ការងារដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។លោកបន្តថា តំបន់នេះពិតជាល្អណាស់ សមស្របនឹងការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រដ្ឋាភិបាល ដែលផ្តោតមកកាន់ភាគខាងត្បូងរាជធានីភ្នំពេញ។
លោកបន្តថា “មិនត្រឹមតែគំរោងអភិវឌ្ឍន៍បុរីប៉េង ហូតនោះទេ បើសិនជាមានលោកឧកញ៉ាណា មានបំណងវិនិយោគផ្សារទំនើបបន្ថែមនៅតំបន់នេះ ក្រសួងនឹងបន្តគាំទ្រជាបន្តទៀត”៕











