ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញពីគោលបំណងចង់ឱ្យមានដំណើរការនៃការដឹកជញ្ជូនតាមជើងហោះហើរពិសេសដោយប្រភេទយន្តហោះធុនធំ Boeing រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចជំនួបពិភាក្សាលើការពង្រឹងសហប្រតិបត្តិការវិស័យអាកាសចរណ៍រវាងប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរ និងរឹងមាំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក W Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការីដែលបានចូលរួម បានបង្ហាញពីគោលបំណងចម្បងចង់ឱ្យមានបើកដំណើរការដឹកជញ្ជូនតាមជើងហោះហើរពិសេសដោយយន្តហោះធុនធំ ប្រភេទ Boeing នៅកម្ពុជា។
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបង្ហាញពីការស្វាគមន៍ចំពោះការចង់ឱ្យមានការប្រើប្រាស់ប្រភេទអាកាសយាន Boeing នៅកម្ពជា។ លោកបណ្ឌិតបានស្នើឱ្យមន្ត្រីជំនាញនៃក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ប្រភេទយន្តហោះធុនធំនេះដល់មន្ត្រីកម្ពុជាផងដែរ។
អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ស៊ិនចាន់ សេរីវុត្ថា បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបានត្រៀមទឹកប្រាក់វិនិយោគជាង ៣០០០លានដុល្លារអាមេរិក ក្នុងការពង្រីកវិសាលភាពនៃព្រលានយន្តហោះទាំង៣នៅកម្ពុជា ដើម្បីជំរុញឱ្យវិស័យអាកាសចរណ៍កម្ពុជា កាន់តែទំនើប និងអាចឱ្យយន្តហោះធុនធំអាចចុះចតបាន។
ដោយឡែក លោក ជា អូន រដ្ឋលេខាធិការនៃរដ្ឋលេខាធិកាអាកាសចរណ៍កម្ពុជាក៏ធ្លាប់បានឱ្យដឹងផងដែរថា រដ្ឋាភិបាល និងកំពុងតែដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិ-អន្តរជាតិចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន (SCA) ៕