ដោយ : វុត្ថា
ភ្នំពេញ : ក្រសួងសាធារណៈការ និងដឹកជញ្ជូនបបានប្រកាសតាមរយៈគេហទំព័រហ្វេសបុកបស់ខ្លួននៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ នេះ ថានាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ដែលគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខនេះ បានសម្រេច៩៥ភាគរយហើយ គិតត្រឹមថ្ងៃម្សិលម៉ិញនេះ។

-->
លោក ចាន់ តារា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមការងារកំពុងសាងសង់ចំណតកំពផែទាំង៥ទីតាំងព្រមគ្នា ដើម្បីសម្រេចបានតាមផែនការនៃការគ្រោងទុករបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានកំណត់ដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរមកដល់។

លោកបន្តថា “ការសាងសង់នេះទៀតសោត មានការលំបាកបន្តិសម្រាប់ក្រុមការងារ ដោយតែការសាងសង់នៅលើទឹក មិនមែនជាសាងសង់នៅលើគោកនោះទេ”។ លោកបន្តថា យ៉ាងណាក៏ដោយ ខ្ញុំមិនទាន់ហ៊ានវាយតម្លៃចំពោះការចំណាយអស់ថវិកាប៉ុន្មាន ក្នុងការសាងសង់នោះទេ ព្រោះចំណតកំពង់ផែទាំង៥ទីតាំងនេះមានទំហំខុសៗគ្នា ហើយនៅពេលសាងសង់រួចរាល់ក្រសួងនឹងប្រកាសពីការចំណាយថវិកាអស់ប៉ុន្មានក្នុងការសាងសង់នេះ”។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងដាក់ឱ្យដំណើរការការដឹកអ្នកដំណើរទៅមក ព្រែកព្នៅ ភ្នំពេញ តាខ្មៅ នៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ ដែលជាប្រវត្តិសាស្ត្រលើកដំបូង របស់កម្ពុជាដើម្បីចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរ ចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។

លោកបានថ្លែងបន្តថា ការដាក់ដំណើរការលើកដំបូង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានទូកដឹកអ្នកដំណើរ ចំនួន៣គ្រឿង ក្នុងនោះ២គ្រឿង ជាទូករបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស៦០នាក់ និង៣គ្រឿងទៀត ជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។ ជាមួយទូក៣គ្រឿងជាជំហ៊ានដំបូងនេះ នឹងធ្វើចរាចរណ៍ផ្តល់សេវាចេញដំណើរ ពីព្រែកព្នៅទៅក្រុងតាខ្មៅ ចម្ងាយសរុបប្រមាណ២៥គីឡូម៉ែត្រ ចំណាយពេលវេលាជាមធ្យម៣៤នាទី មានចំណតផែចំនួន៥ រួមមាន៖ ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ។

លោកទេសរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណោះស្រាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងធ្វើអោយចំណេញពេលវេលា និងចូលរួមកាត់បន្ថយការភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕









