ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ពាក់ព័ន្ធទៅនឹងគម្រោងខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ កម្ពុជានឹងត្រូវរៀបចំយ៉ាងសម្រិតសម្រាំងទៅលើបញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឱ្យបានល្អ ដើម្បីអាចទាញយកប្រយោជន៍ជាអតិបរមា សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ។
នៅក្នុង កិច្ចប្រជុំក្រុមការងារ រៀបចំបញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ នៅទីស្តីការក្រសួង ថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាយើងត្រូវរៀបចំ និងសម្រិតសម្រាំងបញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់ មួយ-ផ្លូវមួយ ឱ្យបានល្អ មានលក្ខណៈជាយុទ្ធសាស្រ្ត ប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ដើម្បីកម្ពុជាអាចទាញយកប្រយោជន៍ជាអតិបរមាពីគម្រោងទាំងនេះ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន នៅក្នុងរយៈពេលមធ្យម និងវែងទៅថ្ងៃមុខ ក៏ដូចជាដើម្បីបង្ហាញនូវតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងក្របខ័ណ្ឌនៃខ្សែក្រវ៉ាត់មួយ-ផ្លូវមួយនេះ ជាពិសេសនៅក្នុងតំបន់អាស៊ាន។
-->

លោបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «សម្រាប់ការជ្រើសរើសគម្រោង យើងត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌវិនិច្ឆ័យទាំងឡាយ ឱ្យបានម៉ត់ចត់ និងប្រយ័ត្នប្រយែងបំផុត ពិសេសត្រូវយកចិត្តទុកដាក់ដល់ផលចំណេញខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ គម្រោង ដោយផ្សារភ្ជាប់ការគិតគូរផងដែរ ដល់បញ្ហាបរិស្ថាន និងសង្គម និងជាគម្រោងដែលចំអាទិភាពរបស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់ដល់ការធ្វើសមាហរ័ណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក ហើយនាំ មកនូវការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកតម្កើងជីវភាពរបស់ប្រជាជនទូទៅ ឱ្យបានកាន់តែឆាប់រហ័ស បំផុត តាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានស្នើសុំដល់សមាជិកសមាជិកា ដែលជាតំណាងមកពីក្រសួងពាក់ព័ន្ធរៀបចំ និងស្នើឡើងនូវបញ្ជីគម្រោងឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច សម្រាប់ត្រៀមដាក់ជូនថ្នាក់ដឹកនាំ នៃប្រទេស ទាំងពីរ ផ្តល់ការអនុម័តនៅក្នុងពេលខាងមុខ។

គួរបញ្ជាក់ដែរថា គំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ត្រូវបានប្រទេសចិនប្រកាសជាផ្លូវការក្នុងឆ្នាំ២០១៣ ហើយប្រទេសកម្ពុជាបានបង្ហាញនូវគោលជំហរគាំទ្រគំនិតផ្តួចផ្តើមនេះភ្លាម។ ចាប់តាំងពីពេលនោះមក ក្នុងនោះភាគីទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីការរៀបចំចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ នៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារបស់លោក XI Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឈានចុះហត្ថលេខាលើផែនការ ដោយផ្តោតលើគម្រោងនៃវិស័យអាទិភាពចំនួន០៧ គឺវិស័យហេដ្ឋារចនាសម្ពន្ធ ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន, ទូរគមនាគមន៍ បណ្តាញនិងបច្ចេកវិទ្យាអវកាស និងថាមពល វិស័យកសិកម្ម ការកសាងសមត្ថភាព ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស វប្បធម៌និងទេសរចណ៍ ហិរញ្ញវត្ថុ និងការពារអេកូបរិស្ថាន។ គម្រោងទាំងនេះ អាចស្នើឡើងភាគីរដ្ឋាភិបាល នៃប្រទេសទាំងពីរផង និងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។ ក្រោយពេលផ្តល់ការអនុម័តដោយថ្នាក់ដឹកនាំនៃប្រទេស ទាំងពីររួច គម្រោងអាទិភាពទាំងនេះ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុទាំងឡាយ របស់ រដ្ឋាភិបាលចិន រួមទាំងវិស័យឯកជនរបស់ចិនផងដែរ។ គិតមកត្រឹមពេលនេះ គម្រោងហេដ្ឋារចនាសម្ពន្ធធំៗចំនួន០២ គឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងសាងសង់ព្រលាន្តយន្តហោះសៀមរាបថ្មី៕









