ដោយ : ដែន ចែងចាំង
ភ្នំពេញ : គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក Trip Advisor បានប្រកាសថា សណ្ឋាគារមួយនៅខេត្តសៀមរាបបានជាប់ចំណាត់ថ្នាក់លេខ១ និងសណ្ឋាគារមួយទៀតជាប់ចំណាត់ថ្នាក់ទី១១នៅលើពិភពលោក។
គេហទំព័រនេះបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្នុងចំណោមចំណាត់ថ្នាក់សណ្ឋាគារកំពូលៗចំនួន២៥ ដែលជាជម្រើសរបស់អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ២០១៨ គេបានវាយតំលៃ និងផ្តល់ចំណាត់ថ្នាក់សណ្ឋាគារវិរតន៍ (Viroth’s Hotel) ដែលមានទីតាំងនៅភូមិវត្តបូណ៌ ខេត្តសៀមរាប បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយនាំមុខសណ្ឋាគារ នៅកូស្តារីកា ឥណ្ឌា វៀតណាម និងម៉ាល់ឌីវ។
-->
គេហទំព័រនេះបានបង្ហាញថា សណ្ឋាគារដែលមានឈ្មោះ Shinta Mani Shackនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា មួយទៀត គឺបានជាប់ចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមសណ្ឋាគារកំពូលៗចំនួន២៥នៅលើពិភពលោកផងដែរ។

លោក គឹម សេរីរ័ត្ន ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅ ទេសចរណ៍និងម្ហូបអាហារនៃក្រសួងទេសចរណ៍បានថ្លែងថា ការវាយតំលៃនេះ គឺនៅវាមិននៅក្នុងក្របខ័ណ្ឌរបស់ក្រសួងទេសចរណ៍ ប៉ុន្តែវាជាការវាយតំលៃ និងការផ្តល់យោបល់ពីសំណាក់បណ្តាភ្ញៀវទេសចរណ៍ បរទេសនានានៅលើពិភពលោក ដែលបានទៅស្នាក់នៅ នៅក្នុងសណ្ឋាគារទាំងអស់ខាងលើនេះ។
លោកបានថ្លែងថា ក្រសួងទេសចរណ៍ក៏មានការវាយតំលៃ និងផ្តល់ចំណាត់សណ្ឋាគារស្តង់ដារកម្ពុជា និងស្តង់ដារអាស៊ានដែរ ដែលការវាយការតំលៃនោះ គឺវាមានលក្ខណៈមិនខុសគ្នាច្រើន ពីការវាយតំលៃពីសំណាក់បណ្តាភ្ញៀវទេសចរបរទេសដែលបានទៅស្នាក់នៅផ្ទាល់ ហើយបានវាយតំលៃនិងផ្តល់យោបល់ចង់បានដែលមានស្តង់ដារសណ្ឋាគារស្អាត និងបៃតងនោះទេ។

បច្ចុប្បន្ននៅខេត្តសៀមរាប សណ្ឋាគារប្រមាណ១៥០០០បន្ទប់ និងមានផ្ទះសំណាក់ប្រមាណជាង៥០០០បន្ទប់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានបានកំពុងជំរុញឲ្យបណ្តាសណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ក្នុងខេត្តនេះ ខិតខំផ្តល់សេវាស្នាក់នៅនិងម្ហូបអាហារជូនភ្ញៀវទេសចរបរទេស ឲ្យបានល្អប្រសើរដើម្បីបង្កើនការទាក់ទាញអោយគេមកស្នាក់នៅម្តងហើយចង់មកស្នាក់នៅម្តងទៀត។
លោក ឌិន សុមេធារិទ្ឋ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងថា គុណ ភាពនិងស្តង់ដាសណ្ឋាគារនៅកម្ពុជា កំពុងមានភាពប្រសើរឡើងទាំងសេវាកម្ម និងសេវាបដិសណ្ឋារកិច្ចនានា ពិសេសតម្លៃមានភាពសមរម្យ ធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួនស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។លោកបន្តថា គុណ ភាព និងសេវាកម្មបដិសណ្ឋារកិច្ចនៅតាមសណ្ឋាគារនានានៅកម្ពុជា ពិតជាមានភាពប្រសើរឡើង និងល្អប្រសើរជាងប្រទេសមួយចំនួនក្នុងតំបន់នេះ។
លោកបន្តថា “ទោះជាយ៉ាងណាវិស័យនេះកំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ ដែលធ្វើឲ្យសណ្ឋាគារមួយចំនួន ដែលមិនមានលក្ខណៈវិជ្ជាជីវៈមិនទទួលបានជោគជ័យនោះទេ”៕









