ដោយ ៖ វត្ថា
ភ្នំពេញ ៖ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន Slickbooth Holding Co,.Ltd នឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ Cambodia Travel Mart (CTM2018) លើកទី ២ នៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្នីសីទ និងពិព័រណ៍កោះពេញ រាជធានីភ្នំពេញ ក្រោយពីទទួលបានជោគជ័យនៃការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិកាលពីឆ្នាំ ២០១៧ កន្លងទៅនៅខេត្តសៀមរាប។ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ Cambodia Travel Mart (CTM2018) គឺជាវេទិកាជួបជុំក្នុងការធ្វើធុ រៈកិច្ចទេសចរណ៍រវាងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងក្រុមហ៊ុនទេសចរណ៍អន្តរជាតិ នានា ដែលជាប្រភពទីផ្សារគោលគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជារួម មានអ្នកទិញ (Buyers) ជាតិ និងអន្តរជាតិ ពាណិជ្ជករជាអ្នកផ្តល់សេវាកម្មជាតិ និងអន្តជាតិ (Sellers) សរុប ប្រមាណ ៧០០ក្រុមហ៊ុន ។ ជាមួយគ្នានេះដែរ ក៏មានការចូលរួមពីស្ថាប័ណទេសចរណ៍នានារបស់ប្រទេសអាស៊ាន អ្នកសារព័ត៌មានជាតិ និងអន្តជាតិ ជាច្រើនទៀត ដើម្បីទិញលក់កញ្ចប់ទស្សនកិច្ច នៃសេវាកម្មទេសចរណ៍ ផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូក្នុងធុរៈកិច្ចជាមួយគ្នា សំដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា អោយកាន់តែប្រសើរឡើងថែមទៀត។
ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ នៅថ្ងៃទី ០៦ ខែមេសាឆ្នាំ ២០១៨ នា សណ្ឋាគារ Naga World លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអោយដឹងដែរថា វេទិកា CTM2018 ដ៏មានសារៈសំខាន់នេះ នឹងជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយថែមទៀតដល់ទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិ ដែលមកចូលរួមព្រឹត្ដការណ៍ខាងលើឲ្យបានស្គាល់និងដឹងថា ក្រៅពីតំបន់ទេសចរណ៍ខេត្ដ សៀមរាប កម្ពុជាក៏មានតំបន់ទេសចរណ៍ជាច្រើនទៀតដែលមានភាពទាក់ទាញខ្លាំងផងដែរ ពិសេសនៅខេត្តបាត់ដំបង កំពត និងក្រចេះជាដើម។ លោកបន្តថា “ដូច្នេះ ពិព័រណ៍CTM លើកនេះ ត្រូវផ្សារភ្ជាប់នឹងពិព័រណ៍ទេសចរណ៍ក្នុងស្រុក ដែលក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យមន្ទីរទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមរៀបចំស្តង់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ដ៏សំខាន់នេះដោយផ្ដោតលើផលិតផលទេសចរណ៍ទាក់ទាញនានាក្នុងខេត្តរបស់ខ្លួន ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវបានឃើញ សំដៅជំរុញកំណើនទេសចរណ៍កាន់តែច្រើនទៅទស្សនាខេត្តរបស់ខ្លួន”។