មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ​ត្រូវ​ពិនិត្យ​លើ​កត្តា​អ្វីខ្លះ?

0

ស្របពេល​ទីផ្សារ​ខុន​ដូ​កំពុង​រីកចំរើន​នៅ​ប្រទេស​នេះ ការសម្រេចចិត្ត​ទិញ​នូវ​លំនៅដ្ឋាន​ទំនើប​នេះ មិនមែនជា​ការគួរ​ប្រថុយប្រថាន​នោះទេ។ ដូច្នេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការខាតបង់ ទាមទារ​ឲ្យ​អ្នកវិនិយោគ​ស្វែងយល់​លើ​កត្តា​មួយចំនួន​ដើម្បី​ទទួលបាន​ផាសុកភាព​ក្នុងការ​រស់នៅ ក៏ដូចជា​ទទួលបាន​ផលចំណេញ​ពី​ការវិនិយោគ​របស់ខ្លួន។

តើ​អតិថិជន​ត្រូវ​ពិនិត្យ​លើ​កត្តា​អ្វីខ្លះ ដើម្បី​ឲ្យ​ការបោះ​ទុនវិនិយោគ​លើ​វិស័យនេះ​បញ្ចៀស​បាន​នូវ​ហានិភ័យ។

លោក លាង​គង់ យិន និពន្ធ​នាយក​ទស្សនាវដ្ដី PROPERTY VIEW បាន​ថ្លែង​ឲ្យ​ដឹងថា មុន​សម្រេចចិត្ត​ទុន​ខុន​ដូ​អ្នកវិនិយោគ គួរ​សម្លឹងមើល​កត្តាសំខាន់ៗចំនួន​បី ព្រោះ​កត្តា​ទាំងនេះ ជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​វិនិយោគ ក៏ដូចជា​សម្រួល​ភាព ងាយស្រួល​ក្នុងការ​រស់នៅ។

ពិនិត្យមើល​លើក​ត្តា​ច្បាប់

ច្បាប់​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​ក្នុងការ​វិនិយោគ​លើ​ផ្នែក​នេះ ដូចនេះ​មុន​សម្រេចចិត្ត​វិនិយោគ​លើ​អាគារ​ខុន​ដូ​ណាមួយ​អតិថិជន​ត្រូវ​សាកសួរ​ទៅ​អ្នក​អភិ​វ​ឌ្ឈ​ន៍​លើ​ច្បាប់​ចំនួន​បី ទី១ ច្បាប់​ទាក់ទង​នឹង​ការសាងសង់ ទី២ ច្បាប់​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​អភិ​វ​ឌ្ឈ​ន៍ ទី៣ ច្បាប់​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​លក់ និង​កត្តា​មួយទៀត​អតិថិជន​គួរ​សាកសួរ​ទៅ​ធនាគារ ដើម្បី​ដឹងថា​តើ​ធនាគារ​អាច​ផ្តល់​ឥណទាន​ទិញ​គំរោង​នោះ​ឬ​អត់? ព្រោះ​ប្រសិនជា​ធនាគារ​យល់ព្រម​ផ្តល់​ឥណទាន​មានន័យថា​គំរោង​នោះ​ស្របច្បាប់​ហើយ។

ការ​ឌី​សាញ​អាគារ

ការ​ឌី​សាញ​អាគារ​ក៏​ជា​កត្តា​សំខាន់ ពិតជា​មិនអាច​មើលរំលង​បាន​ផងដែរ ព្រោះ​ការ​ឌី​សាញ​អាគារ​ខុន​ដូ គឺជា​កត្តា​កំណត់​តំលៃ​ទ្បើង​ឬ​ចុះ​នៃ​ផ្ទះ​ដែល​អតិថិជន​បាន​ទិញ​នៅក្នុង​ខុន​ដូ​ណាមួយ​នោះ។ ប្រសិនជា​អ្នក​អភិ​វ​ឌ្ឈ​ន៍​ខុន​ដូ គិតតែ​ពី​ប្រាក់ចំណេញ តំលៃ​ខុន​ដូ​នោះ​មិន​ទ្បើង​ថ្លៃ​នោះទេ និង​ធ្វើ​ឲ្យ​តំលៃ​នៃ​ការលក់​ឬ​ជួល​ធ្លាក់ចុះ​ផងដែរ។

ដូចនេះ​ការ​ឌី​សាញ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​អាគារ​ខុន​ដូ​ណាមួយ​មាន​ភាព​ទាក់ទាញ អាច​ទទួលបាន​ចំណេញ និង​ចំណូល​ច្រើន​ពី​ការលក់ ឬ​ការជួលព្រោះ​ការ​ឌី​សាញ​ក្នុង​និង​ក្រៅ​អាគារ ការរៀបចំ​ចំណត​យានយន្ត​សមស្រប និង​មាន​សេវាកម្ម​ចាំបាច់​មួយចំនួនទៀត​ដូចជា អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ឬ​មាន​ភោជនីយដ្ឋាន​និង Sky Bar ជាដើម ពិតជា​មិនអាច​មើលរំលង​បាន ព្រោះ​កត្តា​ទាំងនេះ ដើរតួនាទី​កំណត់​នូវ​តំលៃ​ទ្បើង​ចុះ​របស់​ខុន​ដូ​លើ​ទីផ្សារ។

ទីតាំង

ការជ្រើសរើស​ទីតាំង​គំរោង​អភិ​វ​ឌ្ឈ​ន៍​ខុន​ដូ ក៏​ជា​កត្តាចាំបាច់​សម្រាប់​អ្នកទិញ​ខុន​ដូ​ផងដែរ ព្រោះ​តាម​ធម្មតា​អ្នកទិញ​ខុន​ដូ​តែង​ចង់បាន​ទីតាំង​ដែល​ល្អ មាន​ខ្យល់អាកាស​បរិ​សុ​ទ្ឋ និង​ទេសភាព​ស្អាត​ស្រស់បំព្រង និង​មាន​ភាពងាយស្រួល​សម្រាប់​ការរស់នៅ ដូចជា​នៅ​ជិត​ផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋាន​ជាដើម។

ដូចនេះ​ការ​ជ្រើស​ទីតាំង​កណ្តាល​ក្រុង មាន​ទេសភាព​ស្អាត និង​ខ្យល់អាកាស​បរិ​សុ​ទ្ឋ គួរ​ជា​កត្តា​ដែល​គួរ​យកមក​ពិចារណា​មិនអាច​ខ្វះ​បាន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here