ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវេទិកាម្រេច លើកទី២ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយម ចំពោះស្ថានភាពល្អប្រសើរនៃវិស័យម្រេចនៅកម្ពុជា បើទោះជាមានការប្រែប្រួលតម្លៃ ប៉ុន្តែនៅតែអាចរក្សាចំណែកទីផ្សារទាំងក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំរចនាសម្ព័ន្ធដឹកនាំ និងបណ្តាញផ្គត់ផ្គង់ច្បាស់លាស់ ជាមួយគោលនយោបាយសមស្រប សំដៅធានាអភិវឌ្ឍន៍វិស័យម្រេចកម្ពុជាប្រកបដោយនិរន្តរភាព ហើយនៅឆ្នាំខាងមុខ វិស័យនេះនឹងកាន់តែរឹងមាំឡើងៗ ប្រហាក់ប្រហែលវិស័យស្រូវ/អង្ករ និងដំឡូងមីដែរ។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍វិស័យម្រេច និងបានសំណូមពរដល់ជំនាញការជាតិ និងអន្តរជាតិ ពន្លឿនការចងក្រងសេចក្តីព្រាងគោលនយោបាយម្រេច ដើម្បីដាក់ឆ្លងគណៈកម្មាការបច្ចេកទេសអន្តរក្រសួង មុនពេលស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល។ គោលនយោបាយនោះ នឹងត្រូវផ្កោតលើកិច្ចសម្រួលពាណិជ្ជកម្ម ប្រព័ន្ធកាត់បន្ថយថ្លៃដើមផលិតកម្ម ប្រព័ន្ធឡូជីស្ទីក ជំនួយឥណទាន បច្ចេកទេសដាំដុះថែទាំ និងការកសាងទំនុកចិត្តលើទីផ្សារ រាប់ទាំងប្រព័ន្ធសុវត្ថិភាព គុណភាព ស្លាកសញ្ញា និងនិមិត្តសញ្ញាម្រេចខ្មែរជាដើម។






