ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ប្រហែលជាមិនសូវតឹងទ្រូងដោយសារការកកស្ទះចរាចរណ៍ទៀតនោះទេនៅពេលស្ពានអាកាសក្បាលថ្នល់ និងស្ពាននៅរង្វង់មូលចោមចៅនឹងសាងសង់បញ្ចប់ ខណៈការបើកការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។
ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីចាប់ផ្តើមការដ្ឋានសាងសង់ស្ពានអាកាសទាំងពីរនេះ កាលពីថ្ងៃទី២៥ មេសាកន្លងមកនេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធធ្វើការដោះស្រាយផលប៉ះពាល់នៅតំបន់ទាំង២នេះ ឱ្យបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីបើកការដ្ឋានសាងសង់ស្ពានអាកាសនាពេលដ៏ខ្លីខាងមុននេះ។អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់នៅតំបន់ទាំងពីរនេះ ឱ្យបានច្បាស់លាស់ ដើម្បីអាចធ្វើការស្ថាបនាបានឆាប់ សំដៅសម្រួលបានការកកស្ទះនៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោមចៅនៅនាពេលដ៏ខ្លីខាងមុខនេះ។
-->

គម្រោងការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ គ្រោងនឹងចំណាយពេលប្រមាណ២០ខែ ។ តំបន់រង្វង់មូលចោមចៅ និងតំបន់ខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមិនមានការកកស្ទះចរាចរណ៍ទៀតទេ បន្ទាប់ពីស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះបានស្ថាបនារួច។នេះបើតាមមន្រ្តីជំនាញសាលារាជធានីភ្នំពេញ។
ចំណុចរង្វង់មូលចោមចៅ ក្នុងខណ្ឌពោធិសែនជ័យ មានការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ដោយវាវាស្ថិតនៅចំចំណុចប្រសព្វផ្លូវធំៗ ដូចចាមហាវិថីសហព័ន្ឋរុស្ស៊ី ផ្លូវវេងស្រេង ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាតំបន់មមាញឹកបំផុតនាពេលបច្ចុប្បន្ននេះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា ថវិកាប្រើប្រាស់សម្រាប់ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះ ជាថវិការបស់សាលារាជធានីភ្នំពេញ ខណៈបច្ចុប្បន្នកំណាត់មហាវិថីសហពន្ធ័រុស្ស៊ី ចាប់ពីផ្លូវលេខ២០១១ ដល់រង្វង់មូលចោមចៅ ត្រូវបានពង្រីកបន្ថែមទទឹងឲ្យធំទូលាយ អាចឲ្យរថយន្តធ្វើចរាចរណ៍៣គន្លងចូលក្នុងក្រុង និង៤គន្លងចេញក្រៅក្រុង ដោយមានសួនច្បារនៅចំកណ្តាល និងមានដាក់ប្រព័ន្ធលូ២ខ្សែ គឺ១ខ្សែនៅចំកណ្តាលសួនទំហំ៨តឹក និង១ខ្សែទៀតដាក់នៅចិញ្ចើមផ្លូវមានទំហំ១,៥ម៉ែត្រ បានស្ថាបនារួចហើយកាលពីពេលថ្មីៗនេះ៕