ដោយ : វត្ថា
ភ្នំពេញ : រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីសិរីសោភ័ណ ទៅបាត់ដំបង មានប្រវែង៦៥គ.ម ដោយអោយប្រជាពលរដ្ឋរបស់ខ្លួនជិញដោយមិនគិតថ្លៃចាប់ថ្ងៃសម្ពោធរហូតដល់ថ្ងៃទី០១ សីហា ២០១៨។
ថ្លែងនៅក្នុងពិធីបើកដំណើរការបណ្តោះអាសន្ន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំណាត់ផ្លូវរថភ្លើងមួយខ្សែនេះដែលត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នជាថ្មីម្តងទៀតបន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការពីភ្នំពេញ-ប៉ោយប៉ែតនៅត្រឹមចុងឆ្នាំ២០១៨ ប្រវែង៣៨៦គ.ម។
លោក ស៊ុន ចាន់ថុល បានបន្តថា ការដាក់ឱ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។ លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះ ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ។