ដោយ : ដែន ចែងចាំង
ភ្នំពេញ : ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ មិនមែនជារឿងចៃដន្យនោះឡើយ ប៉ុន្តែវាសុទ្ឋតែផ្តើមចេញពីមូលដ្ឋានច្បាស់លាស់មួយ ដែលបានផ្តល់ពីរដ្ឋាភិបាល ដែលបានទាក់ទាញទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំចូលមកប្រទេសនេះ។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុននេះថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរកបានប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាងប្រទេសអភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។
លោកបន្តថា “ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)”។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodiaបានលើកឡើងផងដែរថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ ជាមូលដ្ឋានដ៏សំខាន់ផងដែរ ក្នុងការទាក់ទាញការវិនិយោគពីបរទេស ដែលបានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីលើឆាកអន្តរជាតិ ហើយកម្ពុជាស្ថិតក្នុងក្រសែភ្នែកឬគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។