ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិត អូន ព័ន្ឋមុនីរ័ត្ន បានថ្លែងថា កម្ពុជាកំពុងកែលំអរបរិយាកាសធុរកិច្ចបន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគអន្តរជាតិមកវិនិយោគកាន់តែច្រើននៅកម្ពុជា។
ក្នុងជំនួបជាមួយលោក Tatsuo YAMAZAKI អតីតអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន លោកបណ្ឌិត អូន ព័ន្ឋមុនីរ័ត្ន បានមានប្រសាសន៍ថា ជប៉ុននៅតែជាដៃគូប្រតិបត្តិការឈានមុខគេ និងជាដៃគូអភិវឌ្ឍន៏ដ៏សំខាន់របស់កម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏ផ្លូវការ ដែលកិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកធ្វើឲ្យកម្ពុជាទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ ពិសេសបានក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងមានគោលដៅប្រាកដនិយម ដើម្បីឈានឆ្ពោះទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
-->

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាលគាំទ្រធុរកិច្ច ដោយបាន និងកំពុងខិតខំបន្ថែមទៀត ក្នុងការកែលម្អ និងរៀបចំបរិយាកាសធុរកិច្ចអំណោយផលគាំទ្រវិនិយោគគិនទាំងអស់ ឲ្យអ្នកមកបណ្តាក់ទុនវិនិយោគ”។
លោករដ្ឋមន្រ្តីបានបន្តថា រាជរដ្ឋាភិបាលជប៉ុន បានបំពេញតួនាទីយ៉ាងសំខាន់ចូលរួមវិភាគទានយ៉ាងធំធេង ដល់ការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជា នៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ គឺចាប់តាំងពីកិច្ចការបង្រួបបង្រួមជាតិកម្ពុជាការស្តារឡើងវិញ និងរហូតដល់ដំណាក់កាល នៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។
អតីតអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Tatsuo YAMAZAKI បានទទួលស្គាល់ពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជាក្នុងពេលបច្ចុប្បន្ន ជាមួយការអភិវឌ្ឍ និងកត្តាសុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចរឹងមាំក្នុងរង្វង់៧ភាគរយក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។

លោកបញ្ជាក់ថា ផ្អែកលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍទាំងនេះ លោកក៏ដូចជាអ្នកវិនិយោគិនជប៉ុន មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការមកដាក់ទុនវិនិយោគនៅកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានទីផ្សារបើកចំហរខ្លាំងនិងមានបរិយាកាសវិនិយោគអំណោយផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគបរទេសទាំងអស់ មិនថាតែជប៉ុនឲ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីចំណែកធ្វើឲ្យសេដ្ឋកិច្ច កម្ពុជាកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត៕
ព័ត៌មានបែបនេះបានល្អនាំឲ្យមានការអភិវឌ្ឍ និងភាពរីកចំរើននៅក្នុងប្រទេសជាតិ