អ្នកជំនាញអចលនទ្រព្យប្រាប់ពីតំបន់មានសក្តានុពលក្នុងការវិនិយោគ នៅរយៈពេល៥ឆ្នាំទៅមុខ

0

ដោយ ហ្សូលី

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបង្ហើបថា ផ្លូវជាតិលេខ៦ នាពេលអនាគតប្រមា​ណ៥ឆ្នាំទៅមុខទៀត អាចនឹងក្លាយជាតំបន់ដែលមានសក្តានុពល លើវិស័យអចលនទ្រព្យ ដោយស្ថិតលើហេតុផលមួយចំនួន។

លោកស្រីតាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៨ តុលានេះថា តាមការយល់ឃើញរបស់លោកស្រី ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត វិស័យអចលនទ្រព្យអាចនឹងមានការរីកចម្រើនទៅលើផ្លូវជាតិលេខ៦ម្តង។

លោកស្រីរៀបរាប់ថា “ផ្លូវជាតិលេខ៦មានគុណសម្បត្តិមួយចំនួន ដោយសារតែផ្លូវនេះ មិនសូវជាមានរថយន្តដឹកទំនិញធំឆ្លងកាត់ច្រើនឡើយ។ ម្យ៉ាងវិញទៀត នៅពេលដែលកម្មវិធីប្រកួតកីឡាស៊ីហ្គេមខិតជិតមកដល់ មនុស្សជាច្រើននឹងងាកទៅចាប់អារម្មណ៍នៅតំបន់នោះវិញម្តង”។

ដោយឡែក លោកស្រីក៏បានបញ្ជាក់ថា ជាទូទៅវិស័យអចលនទ្រព្យនៅតំបន់ណាក៏នឹងអាចរីកលូតលាស់ទៅមុខដែរ មិនថានៅផ្លូវក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣នោះទេ។ ប៉ុន្តែផ្លូវជាតិលេខ៦នេះវិញ មានគុណសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស្រាប់ មានផ្លូវខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ។

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty Co.,Ltd បានមានប្រសាសន៍ប្រាប់គេហទំព័រProperty Area Asia ថា ជាទូទៅដោយសារតម្លៃនៅក ណ្តាលក្រុងខ្ពស់ហើយ ហើយការប្រែប្រួលនៃកំណើនក៏មានតិចដែរ។

លោកថា “តំបន់ជាយក្រុង ឬតំបន់ក្រវ៉ាត់ក្រុង អាចនឹងមានការប្រែប្រួលតម្លៃនៅពេលខាងមុខ ដោយសារតម្លៃដីនៅសមរម្យ រីឯតម្រូវការវិញក៏មានច្រើន ហើយគម្រោងអភិវឌ្ឍវិញក៏មានច្រើនដែរ”។

ផ្លូវក្រវ៉ាត់ក្រុងគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ ផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មបានគ្រប់ប្រភេទ។ ផ្លូវក្រវ៉ាត់ក្រុងមានមុខងារសម្រួលដល់ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនខេត្ត ក្រុង ជួយជំរុញពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា សម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ អាចវិនិយោគបន្តយកទុកចំណេញ ឬទិញសម្រាប់អភិវឌ្ឍន៍ជាគម្រោងអចលនទ្រព្យនានា ព្រោះបច្ចុប្បន្នគោលដៅរបស់វិនិយោគិននានា កំពុងបាញ់ឆ្ពោះទៅតំបន់ទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here