ដោយ ៖ វុត្ថា
ភ្នំពេញ ៖ កម្ពុជាទទួលបានចំណូល៥៧លានដុល្លារអាមេរិក លើការនាំចេញជ័រ កៅស៊ូប្រមាណជិត៤ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ នៅដំណាច់ត្រីមាសទី១ឆ្នាំនេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងនាព្រឹកថ្ងៃទី២ ឧសភានេះថា នៅត្រីមាសទី១ ឆ្នាំ២០០១៨នេះ កម្ពុជាបាននាំចេញផលិតផលជ័រកៅស៊ូចំនួន៣៩.០០០តោន គឺកើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងតម្លៃជាង១,៤០០ដុល្លារក្នុង១តោន។
-->

លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មបានអះអាងថា ការកើនឡើងនេះគឺដោយសារតែកម្ពុជា បានពង្រីកផ្ទៃដីដាំកៅស៊ូក្នុងប្រទេសច្រើនជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារជ័រកៅស៊ូនៅក្រៅប្រទេស ដែលធ្វើឱ្យទិន្នផលផលិតរបស់យើងបានច្រើន។ លោកបានបញ្ជាក់ថា ទីផ្សារអន្តរជាតិនាំចេញសំខាន់ៗ របស់កម្ពុជា រួមមាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន ក្នុងនោះវៀតណាមជាទីផ្សារធំជាងគេរបស់កម្ពុជា។
គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបមានប្រមាណ៤៣ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនប្រមាណ១៧ម៉ឺនហិកតា ស្មើនឹង៣៩ភាគរយនិងផ្ទៃដីថែទាំកៅស៊ូមានជាង២៦ម៉ឺនហិកតា ស្មើជិត៦១ភាគរយ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនមួយនៅក្នុងខេត្តសានស៊ី បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីទិញកៅស៊ូពីកម្ពុជាលើកដំបូងនៅឆ្នាំ២០១៨ ដែលមានចំនួន៣០០,០០០តោន៕