រដ្ឋាភិបាលត្រូវការថវិកាជាង ២៣ ពាន់លានដុល្លារ សម្រាប់វិនិយោគសាធារណៈក្នុងរយៈពេល៥ឆ្នាំ ដោយ ៖ រ៉ាណេត

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្រាប់ផែនការអភិវឌ្ឍន៍ជាតិក្នុងរយៈពេល៥ឆ្នាំ ២០១៩-២០២៣ កម្ពុជាត្រូវការថវិកាចំនួន ២៣,៥ពាន់លានដុល្ល្ារ ដើម្បីអាចសម្រេចលើការវិនិយោគសាធារណៈ ដែលជាទំហំដ៏ធំ និងកើនឡើងជិត៣ដង បើធៀបទៅនឹងអាណត្តិមុនៗ ដែលមានត្រឹមប្រមាណ ៧៦០០លានដុល្លារតែប៉ុណ្ណោះ។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ លោក ថេង បញ្ញាធន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះថា សម្រាប់កម្មវិធីវិនិយោគសាធារណៈក្នុងឆ្នាំ២០២០ -២០២២ ត្រូវការប្រមាណ១៤,៤៨ពាន់លានដុល្លារ ហើយសម្រាប់កម្មវិធីវិនិយោគសាធារណៈដែលទើបអនុម័តដោយគណៈរដ្ឋមន្ត្រីថ្មីៗនេះមានចំនួន១២,៧៩ពាន់លានដុល្លារ សម្រាប់តែឆ្នាំ២០២០ ។

លោកបានបញ្ជាក់ថា “មុននឹងធ្វើអ្វីមួយ រដ្ឋាភិបាលត្រូវការធ្វើវិភាជន៍ជាមុនសិន ទើបអាចធ្វើឱ្យផែនការយុទ្ធសាស្ត្រទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយបើសិនជាមិនមានការវិភាជន៍ឱ្យបានត្រឹមត្រូវទេនោះ វាប្រៀបដូចជាបាចអំបិលទៅក្នុងទឹកសមុទ្រអញ្ចឹង។ ចាប់តាំងពីប្រទេសកម្ពុជាបានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប បណ្ដាប្រទេសម្ចាស់ជំនួយមួយចំនួនកាលពីមុននោះ ក៏បានកាត់បន្ថយការផ្ដល់មកកម្ពុជា ហើយបង្វែរទៅប្រទេសដែលក្រីក្រជាងកម្ពុជា”។ លោកបន្តថា “បញ្ហានេះមិនមានអ្វីប្លែកហើយកម្ពុជាមិនខុសអ្វីនោះទេ គឺជាធម្មតាក្នុងលក្ខខណ្ឌពិភពលោក នៅពេលប្រទេសនោះរួចផុតពីក្រីក្រគេនឹងលែងផ្ដល់ជំនួយមកទៀតហើយ ព្រោះគេគិតថាប្រទេសនោះអាចចិញ្ចឹមខ្លួនឯងបាន ។ វាមិនខុសពីអ្វីកូនក្មេងកាលពីតូចត្រូវការតែបៅដោះម្ដាយមួយមុខ នៅពេលគាត់ធំបន្តិចគឺត្រូវការចំណីអាហារក្រៅពីការបំបៅដោះនោះឡើយ”។

តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា កម្ពុជាបានចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងទំហំទឹកប្រាក់ច្រើនជាងគេមួយ ក្នុងចំណោមសមិទ្ធផលដទៃទៀត ។ ក្នុងនោះមានទាំងប្រាក់កម្ចីបរទេស ទឹកប្រាក់ពីក្នុងស្រុកផងដែរ។ ដូច្នេះ ដើម្បីអាចបង្កើនចំណូលសម្រាប់វិនិយោគសាធារណៈ រាជរដ្ឋាភិបាលត្រូវការកៀងគរប្រភពទុនពីក្នុងនិងខាងក្រៅ ដើម្បីវិនិយោគរកផលចំណេញទុកវិនិយោគបន្តទៀត ក្នុងពេលដែលជំនួយមួយចំនួនត្រូវកាត់ផ្ដាច់ ដូចជាជំនួយក្រោមគម្រោងកម្មវិធីមួយចំនួនជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here