ក្រុមហ៊ុន Forest Harmony បើកដំណើរការគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី ២ Harmony Valley នាំមកទីលានវាយកូនហ្គោលដំបូងគេបង្អស់នៅខេត្តកំពតនិងអគារខុនដូរមានទេសភាពបៃតង

0

ភ្នំពេញ៖ ក្រុមហ៊ុន Forest Harmony ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វីឡាលម្ហែកាយប្រណីតឈានមុខគេនៅកម្ពុជាកាលពីថ្ងៃសៅរ៍បានប្រកាសបើកដំណើរការគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី ២ របស់ខ្លួនមានឈ្មោះថា Golf Harmony នៅលើផ្ទៃដី ២៧.៣ ហិកតា ដោយនាំយកទីលានវាយកូនហ្គោលលើកដំបូងនៅក្នុងខេត្តកំពត ព្រមទាំងអគារខុនដូចំនួន ៤ អគារនៅលើទឹកដីដែលមានទេសភាពពណ៌បៃតង ប្រព្រឹត្តទៅនៅថ្ងៃ សៅរ៏ ទី ២៤ ខែ តុលា ឆ្នាំ ២០២០ នៅសណ្ឋាគារ Raffle Hotel Le Royal

សម្រាប់ដំណាក់កាលដំបូងនៃគម្រោងរបស់ក្រុមហ៊ុន Forest Harmony រួមមានវីឡាចំនួន ៧៨ ដែលគ្របដណ្តប់លើផ្ទៃដី ១៣ ហិកតាត្រូវបានបើកការលក់កាលពីខែ ធ្នូ ឆ្នាំ ២០១៩ ហើយគិតមកទល់ពេលនេះវីឡាជាង ៦០ ភាគរយត្រូវបានលក់អស់រួចទៅហើយ។

កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារ Raffle Hotel Le Royal ដែលមានវត្តមានជាកិត្តិយសពីមន្រ្តីជាន់ខ្ពស់ពីស្ថាប័នរដ្ឋាភិបាល វត្តមានកិត្តិយសពីលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ថ្នាក់ដឹកនាំពីស្ថាប័នឯកជន អាជីវកម្មធំៗ និងអ្នកទិញមានសក្តានុពលជាច្រើនរូប។

លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ដែលត្រូវបានតែងតាំងជាភ្នាកងារលក់ផ្តាច់មុខរបស់គម្រោង Forest Harmony បានមានប្រសាសន៍ថា ការអភិវឌ្ឍន៏ Golf Harmony និងធ្វើឲ្យការរស់នៅកាន់តែទំនើបសម្រាប់ម្ចាស់វីឡាដែលបានទិញនៅដំណាក់កាលទី១ក៏ដូចជាជួយបន្ថែមភាពទាក់ទាញមួយកម្រិតទៀតដល់ខេត្តកំពតដែលកំពុងលេចធ្លោជាតំបន់ទេសចរណ៍ទីតាំងសម្រាប់ការវិនិយោគអចលនទ្រព្យនិងឳកាសវិនិយោគ។

លោកបានបន្តថា៖ «ខេត្តកំពតគឺជាទិសដៅដ៏មានសក្តានុពលសម្រាប់វិស័យទេសចរណ៍និងពាណិជ្ជកម្មដែលមានអាហារក៏ដូចជាកន្លែងកំសាន្តដ៏សំបូរបែប។ គម្រោងនេះនិងនាំយកគំនិតនៃការរចនាវីឡាលំហែកាយតាមបែបលោកខាងលិចមកកាន់ខេត្តកំពត ហើយយើងមានបំណងទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ខ្ពស់ៗអោយមកលំហែកាយនៅប្រទេសកម្ពុជាសម្រាប់ថ្ងៃឈប់សម្រាកនិងថ្ងៃចុងសប្តាហ៍របស់ពួកគេ»

សម្រាប់ដំណាក់កាលទី ២ ការសាងសង់ទីលានវាយកូនហ្គោល វីឡានិងខុនដូ និងធ្វើឡើងនៅលើផ្ទៃដី ២៧.៣ ហិកតា ហើយរំពឹងថាគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំទៀត។ ទីលានវាយកូនហ្គោលមានចំនួន ៩ ឡូត៍ និង អគារខុនដូដែលមាន ៥ ជាន់ ចំនូន ៤ អគារ។ តម្លៃសម្រាប់ប្រភេទផ្ទះវីឡាដែលមានបន្ទប់គេង ៤ នៅក្នុងគម្រោង Golf Harmony មានចន្លោះពី 361,000 ដុល្លារដល់ 409,000 ដុល្លារ រួមទាំងអាងហែលទឹកឯកជនដែលមានទំហំដីជាមធ្យម 1,200 ម៉ែត្រការ៉េ។

គម្រោងអភិវឌ្ឍនេះមានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។ គម្រោង FOREST HARMONY និង GOLF HARMONY និងផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតនៅលើផ្ទៃដីពណ៌បៃតង ដែលនិងក្លាយជាកន្លែងសម្រាកលំហែកាយដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិនិងមនុស្សដែលមានភាពធុញទ្រាន់ក្នុងការរស់នៅទីក្រុង។

អ្នកដែលបានទិញវីឡានៅក្នុងគម្រោង HARMONY VALLEY Complex អាចចៀសវាងពីទីប្រជុំជនដ៏មមាញឹកហើយមករស់នៅក្នុងវីឡាដ៏ប្រណីតរបស់ពួកគេ ដែលហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំយ៉ាងស្រស់ស្អាតនិងស្ងប់ស្ងាត់។ គម្រោងHARMONY VALLEY គឺត្រូវធ្វើដំណើរប្រហែល ២ ម៉ោងកន្លះពីរាជធានីភ្នំពេញ និង១ ម៉ោងទៀតដើម្បីទៅដល់ក្រុងកែប។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា៖គំនិតនៃការអភិវឌ្ឍន៍គេហដ្ឋាននិងវីឡាទី ២ សម្រាប់លំហែកាយគឺជានិន្នាការថ្មីដែលកំពុងទទួលបានសន្ទុះនៅក្នុងប្រទេសកម្ពុជា

យោងទៅតាមប្រសាសន៍លោក សុខនីម អ្នកអភិវឌ្ឍន៍ដែលកំពុងសម្លឹងរកមើលការវិនិយោគលើផ្ទះលំហែកាយ តែងផ្តោតសំខាន់ទៅលើប្រភេទវីឡាដែលមានទីតាំងស្ថិតនៅតាមតំបន់មាត់សមុទ្រ ភ្នំ និងជួរភ្នំ។ លោកបានបន្ថែមទៀតថា ក្រុងព្រះសីហនុ ខេត្តកោះកុង មណ្ឌលគិរី និងខេត្តពោធិសាត់ និងខេត្តផ្សេងៗទៀត សុទ្ធសឹងជាទីតាំងសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ គម្រោងផ្ទះលំហែកាយនេះ។

លោកបានមានប្រសាសន៍ថា៖ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកំពុងមានភាពប្រសើរឡើង ហើយពួកគេមានលទ្ធភាពកាន់តែច្រើន និងស្វែងរកអចលនទ្រព្យ សម្រាប់សម្រាកលំហែ និងសម្រាប់ចូលនិវត្តន៍»

មានរឿងជាច្រើនដែលអ្នកអាចសម្រាកកម្សាន្តនៅខេត្តកំពតដូចជាដំណើរកំសាន្តនៅក្នងចម្ការម្រេចដែលល្បីល្បាញលើទីផ្សារអន្តរជាតិរមនីយដ្ឋានទឹកឈូនិងអ្វីជាច្រើនទៀតដែលជាមូលហេតុធ្វើអោយចំនួនភ្ញៀវបន្តកើនឡើងជាបន្តបន្ទាប់និងយ៉ាងឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here