ដោយ : គង់ សូរិយា
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា ទីតាំងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មី លើទឹកដីស្រុកកណ្តាលស្ទឹងមិនបានផ្លាស់ប្តូរដូចពាក្យចចាមអារ៉ាមនោះឡើយ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យឲ្យស្ថាប័នខាងលើនេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ ឧសភានេះថា ទីតាំងសាងសង់ព្រលានយន្តហោះថ្មីនេះ ពិតជាមិនមានការផ្លាស់ប្តូរណាមួយនោះទេ ប៉ុន្តែការសាងសង់នៅពេលណាលោកមិនអាចបញ្ជាក់បាននៅឡើយទេ ព្រោះការងារនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិន ដែលបានសហការសាងសង់ព្រលាននេះ។លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះ អាចចំណាយពេលរហូតដល់៥ឆ្នាំ ដោយមិនទាន់គិតពីការចាក់ខ្សាច់បំពេញផ្ទៃបឹងនោះនៅឡើយទេ។
លោកបន្តថា “តាមធម្មតាការសាងសង់ព្រលានយន្តហោះនិមួយៗ ត្រូវចំណាយពេលច្រើន មិនអាចធ្វើមួយឆ្នាំឬពីរឆ្នាំបញ្ចប់បាននោះទេ”។លោកបន្តថា “ព្រលានយន្តហោះថ្មីនេះ នឹងសាងសង់លើផ្ទៃដីប្រមាណ៨០០ហិកតា ហើយផ្ទៃដីដែលនៅសល់នឹងប្រើប្រាស់សម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដើម្បីបំរើ និងទ្រទ្រង់សកម្មភាពព្រលានយន្តហោះថ្មីនេះ”។