ខណ្ឌសែនសុខ កំពុងបញ្ចេញសក្តានុពលក្លាយជាតំបន់ពាណិជ្ជកម្ម CBD នាពេលអនាគត

0

ដោយ ហ្សូលី

ភ្នំពេញ៖ ខណ្ឌសែនសុខ ចាប់ផ្តើមមានសន្ទុះលើតម្រូវការអចលនទ្រព្យយ៉ាងឆាប់រហ័ស ទាំងការអភិវឌ្ឍលើវិស័យបុរីលំនៅដ្ឋាន អគារខ្ពស់ដូចជា គម្រោងអគារខុនដូ អគារពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។ កត្តាទាំងនេះបានជម្រុញឱ្យខណ្ឌសែនសុខមានសក្តានុពលអាចក្លាយជាតំបន់ពាណិជ្ជកម្ម (CBD) នាពេលអនាគត។

លោក សោម កែវម៉ាលីដា (Andy) អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia ថា ខណ្ឌសែនសុខបច្ចុប្បន្នមានសន្ទុះខ្លាំងជាងកាលពីមុន គ្រាន់តែថាកាលពីមុនស្ទុះទៅលើប្រភេទលំនៅដ្ឋាន បុរីលំនៅដ្ឋាន Residential ជាដើម ហើយបុរីធំៗឃើញថាមានអស់ហើយ។ ប៉ុន្តែឥលូវនេះតំបន់នេះមានការកើនឡើងនូវតំបន់ពាណិជ្ជកម្ម CBD ដូចជាអគារខ្ពស់ មានផ្សារ Mall កើនឡើងច្រើន។

លោកបន្តថា ជាពិសេសមានអគារពាណិជ្ជកម្ម ការិយាល័យ និងគម្រោងអគារខុនដូ ឃើញថាមានសន្ទុះកើនឡើងខ្លាំង ហើយថ្មីៗក៏មានបន្ថែមនូវគម្រោងផ្សារឃ្លាំងរំសេវថ្មីសែនសុខផងដែរ។ ម្យ៉ាងខណ្ឌសែនសុខក៏មានទីតាំងព្រលានយន្តហោះចាស់ដែលនៅកៀកក្រុងផងដែរ ម្យ៉ាងក៏មានបណ្តាញផ្លូវខ្វែងខ្វាត់ដែលជាការសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។

ទន្ទឹមនេះ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានលើកឡើងស្រដៀងគ្នាថា បច្ចុប្បន្នខណ្ឌសែនសុខបានអប្រែក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់រួចទៅហើយ ព្រោះតំបន់នេះបានបំពេញទៅដោយគម្រោងបុរីលំនៅដ្ឋានធំៗ ក៏ដូចជាបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់ រួមជាមួយវត្តមាននៃអគារខ្ពស់ៗដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម។

លោកស្រីបញ្ជាក់ថា កាលពីមុនតំបន់ខណ្ឌសែនសុខសម្បូរទៅនឹងការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ប៉ុន្តែឥលូវខុសពីមុន។ ការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យមនៅតំបន់នេះលែងមានទៀតហើយ ប៉ុន្តែសម្រាប់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មគឺនៅមានឱកាស ជាពិសេសវិស័យខុនដូកម្រិតមធ្យម ដោយសារតែតម្លៃដីនៅតំបន់ខណ្ឌនេះបានឡើងខ្ពស់ផុតពីកម្រិតនៃការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតទាប ឬក្រោមមធ្យមនោះទៀតហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here