រដ្ឋាភិបាលហុងគ្រី មិនគាំទ្រចំពោះការដក EBAពីកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រទេសហុងគ្រី គឺជាសមាជិកនៅក្នុងសហភាពអឺរ៉ុប ដែលមានវិសាលភាពតូចជាងគេ ប៉ុន្តែមានឆន្ទៈយ៉ាងមោះមុតជាមួយកម្ពុជា ដោយឈរនៅលើគោលការណ៍បដិសេធលើការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាកាលពីពេលកន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅក្នុងសន្នីសិទ្ធសារព័ត៌មាន នៅក្រសួងការបរទេស បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា រដ្ឋាភិបាលហុងគ្រី ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយកម្ពុជា ក៏មានការប្តេជ្ញាចិត្តដូចគ្នានេះដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា-ហុងគ្រី ពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ។ ជាមួយគ្នានោះ ក៏បានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះហត្ថលេខា ក៏ដូចជាយន្តការនានា ដែលបានឯកភាពគ្នាកន្លងមក ដែលក្នុងនោះ រួមមាន គណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី និងឯកសារមួយចំនួនទៀត ដើម្បីជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យគ្រប់គ្រងទឹក កសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ។ ប្រទេសទាំងពីរ តែងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយតែងតែប្រកាន់យកជំហរ ក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម ដោយគោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ហុងគ្រី គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ ហុងគ្រី បានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលប្រទេសកម្ពុជា កំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្គ្រាម នៃរបបខ្មែរក្រហម។ ទ័ពមួកខៀវ ហុងគ្រី បានបញ្ជូនមកកម្ពុជា ក្រោមឆត្រអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការ សហប្រជាជាតិ នៅកម្ពុជា (UNTAC)។ ជាមួយគ្នានេះ ជំហររបស់ហុងគ្រី លើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជា ឲ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here