ទីផ្សារលំនៅដ្ឋានចាប់ផ្តើមមានភាពលេចធ្លោនៅក្នុងខណ្ឌចំនួន ២ ទោះស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច

0

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងបុរីលំនៅដ្ឋានក្នុងរយៈពេលកន្លះឆ្នាំ ពោលគឺត្រីមាសទី ២ និងត្រីមាសទី ៣ ក្នុងឆ្នាំ ២០២០ មានគម្រោងមួយចំនួនបានបញ្ចប់ និងនៅបន្តអភិវឌ្ឍនៅក្នុងខណ្ឌមួយចំនួន ហើយក្នុងនោះក៏មានខណ្ឌ ២ មានភាពលេចធ្លោផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលគេហទំព័រ Propertyarea.asia ទទួលបានឱ្យដឹងថា ខណ្ឌចំនួន ៤ ដូចជា ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ៍យ ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ សរុបមានគម្រោងបុរីលំនៅដ្ឋានថ្មីៗចំនួន ៤ បានបញ្ចប់និងប្រគល់ឱ្យអតិថិជនរួចរាល់។

របាយការណ៍ដដែលបានឱ្យដឹងថា ស្ថិតក្នុងសេដ្ឋកិច្ចមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះ ក្នុងចំណោមខណ្ឌចំនួន ៤ នោះ ខណ្ឌមានជ័យគឺជាទីតាំងលេចធ្លោក្នុងការផ្គត់ផ្គង់គម្រោងលំនៅដ្ឋានច្រើនជាងគេ បន្ទាប់មកគឺខណ្ឌច្បារអំពៅ។

លោក ហៃ រ៉ាវី នាយកក្រុមហ៊ុនអចលនទ្រព្យ Daily Realty បានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ថា ខណ្ឌច្បារអំពៅ មានការអភិវឌ្ឍច្រើនមិនថា គម្រោងតូច ឬគម្រោងធំ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ ១ ផ្ទាល់តែម្តង។ ខណ្ឌនេះសាកសមសម្រាប់ការរស់នៅផង និង សម្រាប់ប្រកបអាជីវកម្មផង ជាក់ស្តែងដូចជាបុរីប៉េងហួត មានជាប្រភេទផ្ទះសម្រាប់រស់នៅផង និងសម្រាប់ប្រកបអាជីវកម្មផង ងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

នាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី ០៥ ខែវិច្ឆិកា នេះថា សម្រាប់ខណ្ឌពោធិ៍សែនជ័យវិញ បច្ចុប្បន្នសម្បូរការអភិវឌ្ឍទៅគម្រោងបុរីលំនៅដ្ឋានកម្រិតមធ្យម ហើយនៅតំបន់នោះបន្តិចទៀតនឹងកាន់តែអភិវឌ្ឍដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវខ្វាត់ខ្វែងច្រើន ងាយស្រួលក្នុងការធ្វើដំណើរ។

ទន្ទឹមនេះ លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍ថា បើក្រឡេកទៅមើលពីតម្លៃវិញមិនសូវមានការប្រែប្រួលប៉ុន្មានទេ ដោយសារបញ្ហាវិបត្តិជំងឺសកលផង ដូច្នេះចរន្តទិញលក់ភាគច្រើនមានតែនៅក្នុងស្រុកប៉ុណ្ណោះ។ តម្លៃក៏មិនសូវជាឡើងថ្លៃប៉ុន្មានដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here