បច្ចុប្បន្នភាព ៖ ទីផ្សារអចលនទ្រព្យនៅតែស្ថិតក្នុងភាពស្រពេចស្រពិល ដោយសារវិបត្តិជំងឺសកល

0

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ ស្ថានភាពអចលនទ្រព្យបច្ចុប្បន្នត្រូវបានអ្នកជំនាញជាច្រើនរូបសង្កេតឃើញថា នៅតែបន្តស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ខណៈថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបង្កើនភាពប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាលនៃវិបត្តិជំងឹសកលកូវីដ ១៩ សារជាថ្មី។

លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia ថា វិបត្តិកូវីដ ១៩ គឺជាជំងឺពិភពលោក ក្នុងនោះវាក៏បានជះឥទ្ធិពលមកលើវិស័យពាក់ព័ន្ធមួយចំនួនរបស់កម្ពុជា ជាក់ស្តែងវិស័យអចលនទ្រព្យបានទទួលរងឥទ្ធិពលប៉ះពាល់មួយផ្នែកធំដែរ ដោយសារតែនៅក្នុងកំឡុងពេលកូវីដនេះ បានរាំងខ្ទប់បណ្តាអ្នកវិនិយោគអន្តរជាតិមិនអាចមកកាន់កម្ពុជា។

លោកស្រីបន្តថា វាមិនប៉ះពាល់ទាំងស្រុងទេ ប៉ុន្តែគ្រាន់តែប៉ះពាល់លើការអភិវឌ្ឍ ចរន្តនៃការទិញលក់ ដែលធ្វើឱ្យបញ្ហាជាប់គាំង។ ចំណែកឯប្រជាពលរដ្ឋកម្ពុជា ក៏ជួបបញ្ហាប្រឈមផងដែរ ព្រោះពួកគាត់មិនសូវមានលទ្ធភាពក្នុងការទិញ ឬលក់ដែរ ព្រោះម្នាក់ៗផ្តោតសំខាន់ថា តើធ្វើយ៉ាងណាឱ្យគាត់រួចចាកផុតពីវិបត្តិកំឡុងពេលនេះ។

ជាមួយគ្នាលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងស្រដៀងគ្នាថា វិបត្តិកូវីដ ១៩ បានបណ្តាលឱ្យចរន្តទិញ-លក់ថមថយមួយចំនួនក្នុងវិស័យអចលនទ្រព្យ។ បច្ចុប្បន្ន វិនិយោគិន និងអតិថិជនច្រើនតែជាអ្នកក្នុងស្រុកច្រើន ហើយប្រសិនជាអ្នកវិនិយោគបរទេស ភាគច្រើនពួកគាត់មានដៃគូសហការជាអ្នករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបន្តផ្តល់ព័ត៌មានដល់ដៃគូក្នុងស្រុក។

ប្រធានសមាគមរូបនេះបានបញ្ជាក់ថា ដោយឡែក អ្នកវិនិយោគដែលមានទំនាក់ទំនងល្អ ឬក៏មិនមានដៃគូនៅក្នុងកម្ពុជា គាត់មិនបានមកធ្វើការវិនិយោគនោះទេ ព្រោះតែគាត់បារម្ភពីសុវត្ថិភាពរបស់ខ្លួន ឬក៏បញ្ហាប្រឈាមនៃវិបត្តិកូវីដក្នុងតំបន់របស់ពួកគាត់ និងនៅក្នុងសកលលោកផងដែរ។

នៅដើមសប្ដាហ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសសារជាថ្មីពីការបិទសាលារៀនរដ្ឋ និងឯកជន តំបន់សាធារណៈមួយចំនួនដូចជា រោងភាពយន្ត សារមន្ទីរ ខារ៉ាអូខេ និងពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here