ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សរុបប្រវែង ៤៥០០ គីឡូម៉ែត្រ នឹងត្រូវស្តារឱ្យប្រសើរឡើងវិញ

0

ដោយ ហ្សូលី

ភ្នំពេញ៖ ផ្លូវជនបទ ៥៥៣ ខ្សែ ស្មើនឹងប្រវែងជាង ៤៥០០ គីឡូម៉ែត្រ បានរងការខូចខាត នឹងត្រូវរដ្ឋាភិបាលព្យាយាមស្តារឱ្យកាន់តែប្រសើរឡើងវិញ។ នេះបើតាមឱ្យដឹងពីរបាយការណ៍ក្រសួងអភិវឌ្ឍន៍ជនបទ។

បើតាមអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ជ្រាយ ប៉ុម បានថ្លែងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា នៅក្នុងដំណាក់ដំបូងនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកំពុងពន្លឿនជួសជុលតភ្ជាប់បណ្តាផ្លូវជនបទ មានអាទិភាពសំខាន់ៗដែលបំរើដល់វិស័យកសិកម្ម និងទេសចរណ៍ ។

គិតត្រឹមដើមខែវិច្ឆិកានេះ ក្រសួងអភិវឌ្ឍន៍បានចុះសិក្សានិងរកឃើញថា នៅទូទាំងប្រទេសមានផ្លូវជនបទចំនួន ៥៥៣ ខ្សែ មានប្រវែងសរុបជាង ៤៥០០ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវប្រវែងជិត ២៥០០ គីឡូម៉ែត្រ បានរងការខូចខាត ដោយជំនន់ទឹកភ្លៀង ហើយត្រូវការថវិកាប្រមាណជាង៦៥ លានដុល្លារអាមេរិក ដើម្បីធ្វើការជួសជុល ប្រើប្រាស់ឡើងវិញ ។

នៅពេលនេះក្រសួងបានដាក់ផែនការយកផ្លូវជនបទនៅក្នុងខេត្តអាទិភាពចំនួន ៩ មានផ្លូវចំនួន ២៦១ ខ្សែ មានប្រវែងជាង ២៣០០ គីឡូម៉ែត្រ ដែលរងប៉ះពាល់ធ្ងន់ធ្ងរមកធ្វើការជួសជុលមុនគេ ខណៈផ្លូវជនបទទាំងនោះកំពុងមានតម្រូវការប្រើប្រាស់ធ្វើដំណើរជាចាំបាច់សម្រាប់ដឹកជញ្ជូន កសិផល ប្រជាពលរដ្ឋ និងការធ្វើដំណើរនៃភ្ញៀវទេសចរទៅកាន់សហគមន៍គោលដៅទេសចរណ៍នានាទៀត។

សម្រាប់ខេត្តអាទិភាពដែលត្រូវទទួលបានការជួសជុលផ្លូវនោះរួមមាន ៖ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្តាល តាកែវ និង ខេត្តកំពង់ចាម ហើយ គិតមកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានបើកការដ្ឋានជួសជុលបន្ទាន់បានចំនួន ១២ ខ្សែ មានប្រវែងសរុបជិត ១១២ គីឡូម៉ែត្រ និងមានស្ពានប្រវែង ៣០ ម៉ែត្រ លូ ១ កន្លែងប្រវែង ៣០ ម៉ែត្រ ។

ផ្លូវជនបទដែលត្រូវស្តារឡើងវិញនេះគឺមានផ្លូវមានមួយចំនួនគឺត្រូវជួសជុល ចាក់ក្រាលគ្រួសក្រហម ហើយផ្លូវខ្លះត្រូវដំឡើងចាក់ក្រាលកៅស៊ូ និងចាក់បេតុង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here