ដីធ្លី​ស្ថិតនៅ​ក្នុងស្ថានភាព​ទាំង៥នេះ មិនគួរ​វិនិយោគ​នោះទេ ប្រយ័ត្ន​ជាប់គាំង

0

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ការវិនិយោគ​លើដី​ធ្លី​មិន​ប្រាកដថា​ចំណេញ​នោះទេ ព្រោះ​ដីធ្លី​ខ្លះ​ទិញ​ហើយក៏​ជាប់គាំង ហើយ​ធ្វើ​ឲ្យ​ស្ទះ​ចរន្ត​សាច់ប្រាក់​របស់លោក​អ្នក​ផងដែរ ហេតុនេះ​អ្នកជំនាញ បាន​ណែនាំ​លើ​ស្ថានភាព​ដីធ្លី​មួយចំនួន ដែល​អ្នកវិនិយោគ​គួរ​ពិចារណា​ឲ្យ​បាន​ច្រើន​បំផុត​មុន​សម្រេចចិត្ត​វិនិយោគ។

លោក​កាង សុធី អគ្គនាយក​ក្រុមហ៊ុន Century21 Land Station បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការទិញ​ដីធ្លី ពិតជា​ការវិនិយោគ​មួយ​ដ៏​ល្អ ប៉ុន្តែ​ក៏មាន​បញ្ហា​ផងដែរ បើ​យើង​ទិញ​ប៉ះ​ដីធ្លី​ស្ថិតនៅក្នុង​ស្ថានភាព​ទីតាំង​មិន​អំណោយផល​មួយចំនួន​ដូចជា

ដីធ្លី​ស្ថិតនៅ​ក្បែរ​វត្ត​អា​រ៉ា​ម

ពិត​ហើយ! ប្រជាពលរដ្ឋ​ខ្មែរ​និយម​ទៅ​វត្ត​អា​រ៉ា​ម ប៉ុន្តែ​ដីធ្លី​នៅជាប់​ឬ​កៀក​វត្ត​អា​រ៉ា​ម​ពេក មិន​ងាយ​ឡើងថ្លៃ និង​ពិបាក​រក​ម៉ូយ​ទិញ​ណាស់ ដោយសារ​អតិថិជន​ឬ​អ្នកវិនិយោគ​មាន​អារម្មណ៍​ថា រង​ការរំខាន​ពី​ឧបករណ៍​បំពង​សម្លេង ឬ​ឧ​គ្ឃោ​សន​សព្ទ៍​ពេល​មាន​បុណ្យទានម្តង។

ដី​នៅក្បែរ​ផ្នូរខ្មោច

មនុស្ស​ណា​ក៏​ស្លាប់​ដែរ ពេល​នៅរស់​គេ​ស្រលាញ់ រាប់អាន​ច្រើន ប៉ុន្តែ​ពេល​ស្លាប់ទៅ​គេ​មិនសូវ​ហ៊ាន​នៅ​ជិត​ទេ ទោះជា​នៅ​ប្រទេស​ណាក៏ដោយ ហេតុនេះ​ការទិញ​ដី​នៅ​ជិត​ផ្នូរ ឬ​ចេតិយ​នានា មិនគួរ​ទិញ​ឡើយ ព្រោះ​វា​ពិបាក​រក​ម៉ូយ ហើយ​អតិថិជន​ឬ​អ្នកវិនិយោគ ពិត​ជាមាន​អារម្មណ៍៍​រំខាន នៅពេល​ពួកគេ​មើលឃើញ​កន្លែង​ដាក់​សាកសព​បែបនេះ។

ដី​មាន​រូបរាង​មិន​ស្អាត

ពិតមែន​ហើយ ដី​ខ្លះ​មាន​ទីតាំង​ល្អ ប៉ុន្តែ​ពិបាក​លក់ ឬ​ពិបាក​រក​ម៉ូយ​យកមក​ដាក់ និង​មិនសូវ​មានតម្លៃ​ថ្លៃ ដោយសារ​ដី​ខ្លះ​មាន​រូបរាង​មិន​សមស្រប ក្រវិក​ក្រ​វ៉ក់​ច្រើន ឬ​មាន​សណ្ឋាន​មិន​ច្បាស់លាស់​តាមបែប​ចតុកោណ ឬ​ត្រីកោណ។

ដី​បែបនេះ​ពិបាក​លក់ ព្រោះ​វា​ពិបាក​រៀបចំ​សំរាប់​លំនៅដ្ឋាន ក៏ដូចជា​ផែនការអភិវឌ្ឍន៍ផ្សេងៗទៀត។

ដី​នៅ​ផ្លូវតូចៗ ឬ​ផ្លូវ​ទាល់

តំបន់​ខ្លះ​មាន​ដី​ទំនេរ​ច្រើនណាស់ ហើយ​ម្ចាស់​ដី​នៅ​តំបន់​ទាំងនោះ​សុ​ទ្ឋ​តែមាន​ដីធំៗ ប៉ុន្តែ​ពួកគេ​ស្រលាញ់​ដី​ខ្លាំងពេក បាន​សាងសង់​របង​មក​កៀក​នឹង​ផ្លួ​វ ដែល​ធ្វើ​ឲ្យ​ពិបាក​ធ្វើដំណើរ​ចេញ ចូល ពេលខ្លះ​ជៀស​រថយន្ត​គ្នា​សឹង​មិន​រួច។ ដី​នៅ​តំបន់​បែបនេះ មិន​ងាយ​ឡើងថ្លៃ​ឡើយ ហើយក៏​ពិបាក​រក​ម៉ូយ​ទិញ​ផងដែរ។

ចំណែក​ដី​មួយបែប​ទៀត គឺ​ដី​ស្ថិតនៅ​លើផ្លូវ​ទាល់ ក៏​ជា​ប្រភេទ​ដី​មិនសូវមាន​ហាងឆេង​ដែរ ពិសេស​គឺ​ពិបាក​រក​ម៉ូយ​ទិញ ដោយសារ​អ្នកវិនិយោគ​ភាគច្រើន​កាន់តែ​ឆ្លាត​វៃ ពួកគេ​មិន​ងាយ​ទិញ​តាម​ការចង់បាន​នោះទេ។

ដី​មិនទាន់មាន​ផ្លូវ​ច្បាស់លាស់

ដីធ្លី​ស្ថិតក្នុង​ទីតាំង​ដែល​មិនទាន់មាន​ផ្លូវ ឬ​នៅក្រោយ​ដី​របស់គេ ជា​ដី​ដែល​មិនសូវមាន​ហាងឆេង និង​ពិបាក​រក​ម៉ូយ​សំរាប់​ទិញ​ផងដែរ ព្រោះ​មិនដឹង​រក​ផ្លូវ​ឯណា​ចូល​បាន ហើយ​ពិបាក​ក្នុង​ការចចា​ជាមួយ​ម្ចាស់​ដី​នៅ​ផ្នែក​ខាងមុខ ដែលមាន​ផ្លូវ​ជាប់​ខ្លាំងណាស់។

ដី​ស្ថិតក្នុង​ស្ថានភាព​បែបនេះ ម្ចាស់​ច្រើនតែ​បង្ខំចិត្ត​ក្នុង​ការលក់ ព្រោះ​ម្ចាស់​ដី​ខាងមុខ​តែងតែ​បង្អាប់ ឬ​ធ្វើ​របង​ព័​ទ្ឋ​មិន​ឲ្យ​ម្ចាស់​ដី​នៅ​ខាងក្រោយ​ចូល​រួច​តែម្តង (ករណី​មាន​ជម្លោះ​ណាមួយ) ហេតុនេះ​ដី​នៅ​ទីតាំង​ដែល​គ្មាន​ផ្លូវ​ច្បាស់លាស់​បែបនេះ មិនគួរ​ទិញ​ឬ​វិនិយោគ​នោះទេ បើ​វិនិយោគ​ប្រយ័ត្ន​ជាប់គាំង​ទាំង​ដី​លក់​មិន​ចេញ ទាំង​គាំង​លំហូរ​សាច់ប្រាក់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here