ទឹកប្រាក់ជាង៩១លានដុល្លារ នឹងត្រូវចំណាយសម្រាប់ជួសជុលផ្លូវជនបទនៅទូទាំងប្រទេស

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលនឹងត្រូវចំណាយថវិកាប្រមាណជាង៩១លានដុល្លារអាមេរិក សម្រាប់ការស្ដារ និងជួសជុលផ្លូវជនបទ ដែលរងការខូចខាតដោយសារទឹកជំនន់នៅទូទាំងប្រទេសសរុបចំនួន ៦៧០ខ្សែ ស្មើនឹងប្រវែង ៥,៣៨៩.៥៩ គីឡូម៉ែត្រ ដោយក្នុងនោះ ផ្លូវរងការខូចខាតប្រវែង ៣១,៥៤.៤២គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប ចំនួន២២៩កន្លែង។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ចាន់ ដារ៉ុង បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ យ៉ាងហោចណាស់ ក្រសួងត្រូវការថវិកាប្រមាណជាង ៩១លានដុល្លារសម្រាប់ចំណាយក្នុងស្ដារផ្លូវជនបទដែលទទួលរងការខូចខាតដោយទឹកជំនន់។

លោកបានបញ្ជាក់ថា ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥នេះ ក្រសួងរកឃើញថា មានខេត្តចំនួន៩ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងនោះ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពងស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង ឧត្តរមានជ័យ។ ប៉ុន្ដែក្នុង៩ខេត្តនោះ ក្រសួងជ្រើសរើសអាទិភាព ចំនួន៣ខេត្ត ដែលត្រូវជួសជុលជាចាំបាច់មុនគេបំផុត គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង។

លោក ចាន់ ដារ៉ុង បានឲ្យដឹងទៀតថា ខេត្តទាំង៣ដែលជាខេត្តអាទិភាព ត្រូវស្ដារឡើងវិញមុនគេនេះ ត្រូវចំណាយថវិកាប្រមាណ១៦លានដុល្លារ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំណាយ៤.៦លានដុល្លារ, ពោធិ៍សាត់ ចំណាយ៤.៦លានដុល្លារ និងបាត់ដំបង ៣.៣លានដុល្លារ។ ហើយនៅពេលនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានទម្លាក់កញ្ចប់ថវិកាចំនួន១៥លានដុល្លារហើយ ដើម្បីក្រសួងអភិវឌ្ឍន៍ជនបទ ដោះស្រាយលើបញ្ហានេះ។

ដោយឡែក ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទ អ្នកនាំពាក្យ ចាន់ ដារ៉ុង បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទ ដែលទទួលរងនូវផលប៉ះពាល់ គឺអណ្ដូងទឹក។ ចំពោះអណ្តូងដែលទទួលរងការខូតខាតមានចំនួនសរុប ៤,១៥៥អណ្តូង។ ចំពោះការចំណាយក្នុងការជួសជុល និងស្ដារអណ្ដូងទឹកដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ទាំងអស់នេះមានចំនួនទឹកប្រាក់សរុបប្រមាណជាង៩០ម៉ឺនដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here