គំរោងអចលនទ្រព្យយក្សចាប់ផ្តើមប្រកាសលក់នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ គំរោងអភិវឌ្ឍន៍អចលនទ្រព្យ R&F Cityដែលបាននិងកំពុងបោះទុន​វិនិយោគ​ជាង២០០០លានដុល្លារ នឹងប្រកាសលក់ជាផ្លូវការនៅចុងសប្តាហ៍​ក្រោយនេះហើយ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

លោក RAYSON ប្រធានផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុនយក្សមួយក្នុងចំណោម​ យក្ស​ទាំង១០នៅប្រទេសចិន R& F Properties បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មី ៗនេះថា R&F PROPERTIES បាននិងកំពុងចាប់ផ្តើមគំរោង R&F CITY នៅមហាវិថី​សម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ព្រោះយើ​ង​ចង់ផ្តល់នូវបែបផែនជីវិតថ្មីមួយ សម្រា​ប់ប្រជាជនកម្ពុជានិងសហគមន៍ចិន ដែលមកវិនិយោគ និងធ្វើការនៅប្រទេស​កម្ពុជា។ គំរោងនេះមានអាគារសរុបចំនួន២០ កំពស់៣៣ជាន់ ដែលនឹងបញ្ចប់នៅឆ្នាំ២០២០ ហើយទំហំទឹកប្រាក់នៃការវិនិយោគគំរោងនេះ មានច្រើនជាង​២ពាន់លានដុល្លារអាមេរិក។

លោកបន្តថា គំរោងនេះមានផ្ទះចំនួន៥២៣២យូនីត មានរួមបញ្ចូលនូវក្លឹបកីឡាទំហំ​៣២០០ម៉ែត្រ និងផ្ទះបែបអាជីវកម្ម៣៨ និងសួនច្បារដ៏ធំមួយ។ គំរោងនេះបាន​ចាប់​ផ្តើមលក់ហើយ ដោយយើងផ្តោត ទីផ្សារនៅប្រទេសចិន និងជនបរទេស​ដទៃទៀត និងនៅកម្ពុជា ប៉ុន្តែយើងផ្តោតជាពិសេសលើអតិថិជនចិន ដែលមានជីវភាពខ្ពស់ និងចង់បានជីវិតរស់នៅបែបស៊ីវិល័យ។

មានមូលហេតុសំខាន់ៗចំ​នួន៤ ដែលក្រុមហ៊ុននេះសម្រេចចិត្តមកវិនិយោគ​នៅកម្ពុជា ទី១ គោលនយោបាយផ្លូវសូត្រ ដែលផ្តួចផ្តើមដោយប្រធានាធិបតីហ្សី ជីនពីង ហើយ​កម្ពុជាជាប្រទេសមានលក្ខខ័ណ្ឌពិសេស ដែលទទួលបានផលប្រយោជន៍​ពីគំរោង​នេះ ទី២ ទំនាក់ទំនងដ៏ល្អ និងរ៉ឹងមាំរវាងមេដឹកនាំកម្ពុជា ពិសេសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំចិន ទី៣ កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ​របស់​ប្រទេសកម្ពុជា និងទី៤ ស្ថិរភាពនយោបាយរយៈពេលវែងរបស់កម្ពុជា។

លោក​ RAYSON បានបន្តថា “ប្រទេសកម្ពុជា គឺជាប្រទេសទី២ក្នុងតំបន់អាស៊ាន ដែលយើងបានមកវិនិយោគ បន្ទាប់ពីប្រទេសភូមា។ ហេតុផលដែលយើងមកទីនេះ គឺដោយសារគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលផ្តួចផ្តើមដោយ​ប្រធានាធិបតី ហ្សី ជីនពីង ហើយកម្ពុជាជាប្រទេសដែលមានលក្ខណៈពិសេស ដែលកំពុងទទួលផលប្រយោជន៍ពីគោលនយោបា​យ​នេះ”។

លោកបន្តថា “យើងក៏ផ្តោតលើអតិថិជនជាជនជាតិខ្មែរ ព្រោះខ្ញុំគិតថានាពេលអនាគត​ប្រជាជនកម្ពុជា នឹងចូលចិត្តរស់នៅខុនដូឬអាផាតម៉ិនផងដែរ ព្រោះនៅប្រទេសចិន​ប្រជា​ជនចិនចូលចិត្តរស់នៅតាមអាផាតម៉ិន ដោយសារអាផាតម៉ិន និងខុនដូផ្តល់​ភាពងាយស្រួលសម្រាប់ការរស់នៅ និងមានជីវិតបែបស៊ីវិល័យ”។

តម្លៃផ្ទះនៅក្នុងគំរោងនេះ លក់ក្នុងតម្លៃចាប់ពី១៩០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើង​ទៅ។

លោក RAYSON បានបន្តថា “យើងជឿជាក់ថាគំរោងនេះ នឹងទទួលបានជោគ​ជ័យ ដោយសារហេតុផលខាងលើនេះ ដោយសារកំនើនសេដ្ឋកិច្ចកម្ពុជា និងចំនួន​អ្នកវិនិយោគ​កាន់តែច្រើននឹងចូលមកវិនិ​យោគកម្ពុជា”។

ជាមួយគ្នានេះ អ្នកវិនិយោគចិនជាច្រើនចង់វិនិយោគនៅក្រៅប្រទេស ដែលពួកគេ​ចង់​ស្វែងរកប្រាក់ចំណេញ ហើយទីផ្សារកម្ពុជាជាទីផ្សារដ៏ជោគជ័យ និងទាក់ទាញមួយ ហើយទីក្រុងភ្នំពេញជាកន្លែងមួយដ៏ទាក់ទាញ។ ទោះបីខេត្តព្រះសីហនុ និងសៀមរាប​មានសក្តានុពល ប៉ុន្តែខេត្តទាំងពីរមិនទាន់មានហេដ្ឋារចនាសម្ព័ន និងសេវាកម្មសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់នៅដូចទីក្រុងភ្នំពេញទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here