ដោយ : វុត្ថា
ភ្នំពេញ : ប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញក្តីសង្ឃឹមដល់កសិករកម្ពុជា តាមរយៈការនាំចេញកសិផល៥ប្រភេ ដូចជាផ្លែស្វាយ ស្វាយចន្ទី មៀន ម្រេច និងទឹកមាត់ត្រចៀកកាំ ចូលទៅប្រទេសចិនឲ្យបាននាពេលខាងមុខ។
ក្នុងជំនួបពិភាក្សារវាងលោក ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង លោក Liang Yi អគ្គនាយករងនៃភ្នាក់ងារ ជំរុញការវិនិយោគខេត្តក្វាងស៊ីបានប្រាប់មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ កាលពីម្សិលម៉ិញថា នៅកម្ពុជាមានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីជាច្រើន បានកំពុងធ្វើប្រតិបត្តិការអាជីវកម្ម ហើយនៅថ្ងៃខាងមុខ លោក នឹងខិតខំកៀងគរវិនិយោគិនខេត្តក្វាងស៊ី ឲ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
លោក Liang Yi បានបន្តថា មានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីដ៏ធំមួយ កំពុងបោះទុនវិនិយោគលើកំពង់ផែក្រុងព្រះសីហនុ បើសិនជាគម្រោងនេះទទួលជោគជ័យ កម្ពុជាអាចដឹកជញ្ជូនទំនិញតាមផ្លូវទឹកត្រង់ទៅប្រទេសចិនតែម្តង។
លោក ស៊ាង ថៃ បានសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគរបស់ខេត្តក្វាងស៊ី និងបានសន្យាជួយសម្រួលគម្រោងនេះ ឲ្យលេចរូបរាងឡើងនាពេលអនាគត។ លោកកក៏បានស្នើលោក Liang Yi ឲ្យពិចារណាជួយសម្របសម្រួលយ៉ាងណាឲ្យកម្ពុជាអាចនាំផលិតផលស្វាយ ស្វាយចន្ទី មៀន ម្រេច និងទឹកមាត់ត្រចៀកកាំ ចូលទៅប្រទេសចិនឲ្យបានឆាប់ ព្រោះឥឡូវនេះកម្ពុជា ត្រូវបានអនុញ្ញាតិឲ្យនាំចូលទៅប្រទេសចិនបានតែ អង្ករ ដំឡូងមី និងពោតប៉ុណ្ណោះ។
ចំពោះផលិតផលទឹកមាត់ត្រចៀកកាំវិញ ភាគីចិននឹងសហការជាមួយប្រទេសម៉ាឡេស៊ីបង្កើតជាក្រុមជំនាញមួយ ដើម្បីជួយសម្របសម្រួលយ៉ាងណាឲ្យកម្ពុជាអាចនាំចូលទឹកមាត់ត្រចៀកកាំទៅកាន់ប្រទេសចិន បានដូចប្រទេសម៉ាឡេស៊ីផងដែរ។
គោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តក្វាងស៊ី មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងចិន-កម្ពុជា និងអញ្ជើញថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី ខណៈដែលឆ្នាំ២០១៨នេះ កម្ពុជាយើងនឹងត្រូវធ្វើជាសហប្រធានកិត្តិយសក្នុងព្រឹត្តិការណ៍ដ៏ធំនេះ៕