OCIC គ្រោងរើរោងការ cនិងសាលពិព័រណ៍កោះពេជ្រទៅតំបន់ជ្រោយចង្វារ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុន OCIC ដែលកំពុងវិនិយោគនៅទីក្រុងកោះពេជ្រ គ្រោងរើរោងការ និងសាលពិព័រណ៍នៅទីក្រុងនេះ ទៅកាន់តំបន់ជ្រោយចង្វារ កន្លែងដែលក្រុមហ៊ុននេះកំពុង​រៀបចំអភិវឌ្ឍន៍ទឹកដីជ្រោយចង្វារ ជាទីក្រុងពាណិជ្ជកម្ម។
អគ្គនាយកងរងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សា មុននឹងសម្រេចរើរោងការ និងសាលពិព៌ណនៅ ទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបជ្រោយចង្វារ ព្រោះសាលពិព័រណ៍ និងកន្លែងទទួល​កម្មវិធីអាពាហ៍ពិពាហ៍នៅទីក្រុងកោះពេជ្រ យើងធ្វើបណ្តោះអាសន្នប៉ុណ្ណោះ។

លោកបន្តថា យើងកំពុងគិតថា តើការរើទីតាំងនេះ ប្រជាពលរដ្ឋនឹងប្រើប្រាស់សេវាកម្មរបស់យើង​បន្តទៀតឬអត់ ហេតុនេះយើងក៏មានការសិក្សា ពីប្រព័ន្ឋចរាចរណ៍ភ្ជាប់ទៅតំបន់នេះផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន OCIC បានវិនិយោគ សាងសង់ស្ពានបាឡេតម្លៃ៩លានដុល្លា​រ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅទីក្រុងរណបជ្រោយចង្វាររួចហើយ។ ស្ពាននេះបាននិងកំពុងដាក់ឲ្យដំណើរការ។ នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននេះនឹងសាងសង់ស្ពានយោលដោយខ្សែកាបតម្លៃ៣៥លាន​ដុល្លារ ចេញពីតំបន់ផ្លូវជាតិលេខ៥ទៅកាន់ទីក្រុងភាគខាងកើត ឈៀងខាងជើងស្ពានជ្រោយចង្វារនេះផងដែរ។
លោក ទូច សំណាង បានបន្តថា ក្រុមហ៊ុនមានគោលដៅរៀបចំទីក្រុងនេះ ជាទីក្រុងពាណិជ្ជកម្ម និងរៀបចំសាលអាពាហ៍ពិពាហ៍ សាលសន្និសីទ និងកន្លែងលេងកំសាន្តនៅទីក្រុងរណបជ្រោយចង្វារនាពេលអនាគត។
បច្ចុប្បន្នទីក្រុងរណបជ្រោយចង្វារមានផ្ទៃដីប្រមាណ១០០ហិកតា ដែលបាន និងកំពុងរៀបចំអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here