លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះបើកការដ្ឋានអ៊ុតកៅស៊ូបេទីមលើផ្លូវទាំង៣៤ខ្សែ ចុងក្រោយនៅខេត្តព្រះសីហនុ

0

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ នៅត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់០.០៧ម៉ែត្របន្ថែមពីលើបេតុងដែលបានចាក់រួចជាបន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ បន្ទាប់ពីថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពសម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានសម្ពោធបើកឱ្យដំណើរការនូវការអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៃផ្លូវទាំងនេះ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា “នេះជាជំហានដំបូង ដោយក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេង ទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមនឹងសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាពក្នុងខេត្តព្រះសីហនុរបស់យើង បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ”។

ចំពោះក្រុមហ៊ុនដែលទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុមានចំនួន៣ក្រុមហ៊ុនគឺ៖
១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីម ផ្លូវចំនួន០៥ខ្សែ ទទួលអ៊ុតផ្លូវចំនួន ៥ខ្សែ ចាប់ ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែករាម ជាប់ (ផ្លូវជាតិលេខ៤)។

២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវា: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃ នប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។

៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន ១៧ខ្សែ ទទួលអ៊ុតផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយក្រុមហ៊ុនទាំង៣នេះកំពុងដំណើរការអ៊ុតបេទីមព្រមៗគ្នា។ ដោយឡែកក្រុមហ៊ុន L.S Construction Lee Service Cambodia PTC,LTD បានឱ្យដឹងថា ក្រុមហ៊ុនប្រើពេលវេលា ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ ២០២១ ខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here