ក្រុមហ៊ុន​យក្ស​ចិន នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​បំផុត​កម្ពុជា

0

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​មកពី​ប្រទេស​ចិន Prince Real Estate នឹង​សាងសង់​សណ្ឋាគារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ដោយ​គម្រោង​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាច្រើន​រយ​លាន​ដុល្លារ។

អគ្គនាយក​ក្រុមហ៊ុន ព្រី​នល៍ រៀល​អ៊ី​ស្ទេ​ត ខេ​ម​បូ​ឌា អ៊ិន​វេស​ម៉ិ​ន លោក Li Min បានអោយដឹង​នៅក្នុង​ពិធីបុណ្យ​អបអរ​ថ្ងៃ​សែន​ព្រះ​ខែ​ថា ក្រុមហ៊ុន Prince Real Estate នឹង​សម្រេច​បោះទុន​ខ្ទង់លាន​ដុល្លារ​បន្ថែម ដើម្បី​សាងសង់​គម្រោង​ទី២របស់ខ្លួន ដែលជា​ប្រភេទ​សណ្ឋាគារ​ប្រណិត​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​ចំណាយពេល​ប្រហែល៥ឆ្នាំ ដើម្បី​បញ្ចប់​គម្រោង​នេះ។

លោក​បាន​បន្តថា ការសម្រេច​បោះទុន​បន្ថែ​ម​ដើម្បី​សាងសង់​គម្រោង​ទី២នេះ គឺ​ដោយសារ​លោក​មើលឃើញ វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​កំពុងមាន​សន្ទុះ​ខ្លាំង ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការវិនិយោគ​ទៅលើ​អគារ​កម្ពស់ខ្ពស់ៗ និងប្រណិតៗក្នុងប្រទេស​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​ខាងលើ​បាន​បន្ថែមថា គម្រោង​សណ្ឋាគារ​កម្ពស់៦០ជាន់​នេះ នឹងមាន​រួម​ប​ញ្ជូ​ល​ទាំង​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម ខុន​ដូ​សម្រាប់​លក់ កន្លែង​កម្សាន្តផ្សេងៗ និង​តំបន់​ស្នាក់នៅ​ពហុ​វិស័យ​ផងដែរ ដើម្បី​ប្រែក្លាយ​តំបន់​ដែល​កំពុងមាន​សក្តានុពល​មួយ​នេះ ឲ្យ​ក្លាយទៅជា​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំបូរបែប​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

លោក Li Min បាន​បន្តថា បើ​ក្រឡេកមើល​មក​គម្រោង​ទី១របស់​ក្រុមហ៊ុន Prince Real Estate វិញ បច្ចុប្បន្ន​បានបញ្ចប់​ការសាងសង់ ក្នុង​គ្រោង​អគារ​របស់ខ្លួន​ជា​ផ្លូវការ​ហើយ ជាមួយនឹង​ការបញ្ជាទិញ​ពី​អតិថិជន​រហូតដល់៧០%។

ទីផ្សារ​សណ្ឋាគារ​នៅ​កម្ពុជា​កំពុងមាន​ការរីកចំរើន ស្រប​ពេលដែល​ការមកដល់​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​ចំនួន​សណ្ឋាគារល្បីៗជាច្រើន​បា​បង្ហាញ​វត្ត​មាននៅ​កម្ពុជា។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ស្រី​ឆាយ ស៊ីវ​លីន បាន​ថ្លែងថា វិស័យ​ឯកជន​សូម​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ធំ​នេះ ដែល​គំរោង​នេះ​នឹង​ជា​ការជួយ​ទាក់ទាញ និង​ផ្តល់​ទំនុកចិត្ត​បន្ថែម​ដល់​អ្នកវិនិយោគផ្សេងៗទៀត ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ព្រោះ​មុន​វិនិយោគ​ពួកគេ​បាន​សិក្សា​ទីផ្សារ និង​មើលឃើញ​សក្តានុពល​ដែល​កម្ពុ​ជាមាន​រួចហើយ ទើប​ពួកគេ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

លោកស្រី​បន្តថា “វិស័យ​សណ្ឋាគារ​នៅ​កម្ពុជា​កំពុងមាន​ការរីកចំរើន ដោយសារ​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដែល​ធ្វើ​ពេលខ្លះ​យើង​ខ្វះ​បន្ទប់​នៅ​រដូវ​បុណ្យទាន​នានា ប៉ុន្តែ​ការវិនិយោគ​កំពុង​កើនឡើង​ទាំង​ចំនួន និង​ស្តង់ដា​សណ្ឋាគារ​ដែល​កាន់តែ​មាន​ភាព​ប្រណីត និង​ស្តង់ដា​អន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here