ដោយ ៖ ដួង ចន្រ្ទា
ភ្នំពេញ ៖ កំណើនៃការវិនិយោគ និងការមកដល់នៃអ្នកទេសចរជប៉ុនបានផ្តល់ជាមួលដ្ឋានរ៉ឹងមាំ សម្រាប់ជប៉ុនឈានជើងមួយជំហ៊ានទៀត មកចូលរួមអភិវ ឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។
ការបើកស្ថានកុងស៊ុលថ្មីនៅខេត្តសៀមរាប កាលពីចុងឆ្នាំមុនបានឆ្លុះបញ្ចាំងពីការតភ្ជាប់ស្ពាន នៃមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរ៉ឹងមាំ និងអាចធ្វើដំណើររយៈពេលវែងជាមួយគ្នា ខណៈមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន បានសន្យាជំរុញអ្នកវិនិយោគជប៉ុន កាន់តែច្រើនមកវិនិយោគនៅកម្ពុជា ប៉ុន្តែបានស្នើសុំមន្រ្តីជាន់ខ្ពស់កម្ពុជា ជួយការពារជនជាតិខ្លួនដែលបានរស់នៅ និងធ្វើការនៅកម្ពុជា។
ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ លោក Kazuyuki Zakane អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានស្នើរ ឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តីជួយបង្កើនសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនជប៉ុន ដែលមកទស្សនានៅកម្ពុជាបន្ថែមទៀត ខណៈជប៉ុន បានសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀមរាបនោះ។លោកបន្តថា ទាំងអ្នកវិនិយោគជប៉ុន និងអ្នកទេសចរណ៍ជប៉ុននៅកម្ពុជា កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នំា។ លោកបន្តថា “ជប៉ុនសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀមរាប នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន ហើយក៏ដើម្បីបញ្ជាក់នូវទំនាក់ទំនងដ៏ល្អរវាង កម្ពុជានិងជប៉ុនផងដែរ”។
យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាក្រុមហ៊ុនជប៉ុន បានមកដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា មានរហូតដល់ជាង២៥០ក្រុមហ៊ុន។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសជប៉ុនគឺជា មិត្តដ៏ល្អបំផុតជាមួយកម្ពុជា ហើយកម្ពុជាពិតជាអគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុ ប្បន្ននេះ។ យ៉ាងណាក៏ដោយសម្រាប់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុននៅប្រទេសកម្ពុជា ចាំបាច់បំផុតគឺក្រសួងមហាផ្ទៃត្រូវតែមើល និងថែរក្សាសុខសុវត្ថិភាពដល់ពួកគេ។ សម្តេចបន្តថា ការដាក់សម្ពោធការិយាល័យកុងស៊ុលរបស់ជប៉ុន នៅក្នុងទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី២៨ខែមករានេះ គឺជាការបង្ហាញពីការជឿជាក់របស់ភាគីជប៉ុនអំពីស្ថានការណ៍ប្រទេសកម្ពុជា ក៏ដូចជាការជំរុញឲ្យវិស័យទេសចរណ៍មានការរីកចម្រើនកាន់តែខ្លាំងផងដែរ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាដែលសម្រេចបានកំនើនល្អប្រសើរ គួបផ្សំនឹងស្ថិរភា ពនយោបាយ និងលំហូរ FDI កើនឡើងជាបន្តបន្ទាប់ ជាផ្នែកយ៉ាងសំខាន់ក្នុងការ ទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើន ចូលមកវិនិយោគនៅកម្ពុជា។លោកបន្តថា បច្ចុប្បន្នជប៉ុនបានវិនិយោគស្ទើរគ្រប់វិស័យ ដើម្បីធ្វើជាមូលដ្ឋានសំរាប់ធ្វើការ និងរស់នៅរយៈពេលវែងនៅកម្ពុជា។
លោកបន្តថា “អ្នកវិនិយោគជប៉ុនពេលចូលទៅកាន់ប្រទេសណាហើយ ពួកគេតែងតែស្នាក់នៅ និងធ្វើការរយៈពេលវែងនៅប្រទេសនោះ នេះជាមូលហេតុដែលពួកគេសិក្សារយៈពេលវែង មុនមកវិនិយោគនៅកម្ពុជា”៕