ផ្សារហ៊ុនលើពិភពលោកហក់ឡើងខ្ពស់មិនធ្លាប់មាន បន្ទាប់ពីដំណឹងវិជ្ជមានអំពីវ៉ាក់សាំងកូវីដ១៩

0

ដោយ៖ សុខុម

អន្តរជាតិ៖ តម្លៃភាគហ៊ុនអាស៊ី បានហក់ឡើងខ្ពស់មិនធ្លាប់មាន ហើយភាគហ៊ុនសហរដ្ឋអាមេរិក ក៏បានហក់ឡើងដែរនៅថ្ងៃទី៩ ខែធ្នូនេះ នៅពេលបណ្ដាវិនិយោគិនបានតាមដានជាប់នូវដំណឹងវិជ្ជមានអំពីវ៉ាក់សាំងកូវីដ-១៩ និងការបន្តប្រឹងប្រែងទម្លាក់កញ្ចប់ថវិកាបន្ថែមទៀតដើម្បីស្ដារសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃនេះ។

សន្ទស្សន៍ផ្សារហ៊ុនចេញដោយក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក MSCI បង្ហាញថា ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង ០,៥១% ហើយនៅខណៈមួយ សន្ទស្សន៍បានហក់ឡើងខ្ពស់រហូតដល់ ៦៤៦,១០% ដែលខ្ពស់បំផុតមិនធ្លាប់មាន។ ទន្ទឹមនេះ ភាគហ៊ុនទូទាំងសកលលោកក៏បានឡើងថ្លៃខ្ពស់មិនធ្លាប់មានដែរ។

តួយ៉ាង ភាគហ៊ុនអូស្រ្តាលី បានហក់ឡើង ០,៦៩% ផ្សារភាគហ៊ុន Nikkei របស់ជប៉ុន បានហក់ឡើង ១,០១% ភាគហ៊ុននៅប្រទេសចិន បានហក់ឡើង ០,១៥% ភាគហ៊ុនរបស់កូរ៉េខាងត្បូង បានហក់ឡើង ១,២៦% ជិតដល់កម្រិតខ្ពស់មិនធ្លាប់មាន។

ភាគហ៊ុន S&P 500 E-Mini របស់សហរដ្ឋអាមេរិក បានហក់ឡើង ០,១១% ក្នុងពាណិជ្ជកម្មនៅអាស៊ី បន្ទាប់ពីភាគហ៊ុននៅ Wall Street ហក់ឡើងខ្ពស់មិនធ្លាប់មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ស្ថានភាពល្អប្រសើរនេះកើតមានឡើងដោយសារដំណឹងវិជ្ជមានអំពីវ៉ាក់សាំងកូវីដ-១៩ និងវឌ្ឍនភាពវិជ្ជមាននៅក្នុងកិច្ចចរចាទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

ងាកមករូបិយប័ណ្ណផោនរបស់អង់គ្លេស វិញក៏បានប្រែប្រួលជាវិជ្ជមានបន្តិចដែរ នៅមុនពេលកិច្ចចរចាជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប។

កាលពីកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ភាគហ៊ុន Dow Jones Industrial Average បានហក់ឡើង ០,៣៥% ភាគហ៊ុន S&P 500 E-Mini បានហក់ឡើង ០,២៨% ចំណែកឯភាគហ៊ុន Nasdaq Composite បានហក់ឡើង ០,៥%។

ខណៈពេលនេះក្រុមអ្នកធ្វើគោលបាយរបស់សហរដ្ឋអាមេរិក កំពុងបន្តចរចាជុំវិញការទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។
ក្រុមមេដឹកនាំនៃគណបក្សទាំងពីរបានប្រកាន់ជំហរមាំថា ចាំបាច់ត្រូវតែឈានដល់ការចុះកិច្ចព្រមព្រៀងមួយឱ្យខាងតែបាន ប៉ុន្តែនៅពិភាក្សាគ្នានៅឡើយលើចំណុចលម្អិតមួយចំនួនរួមមានកញ្ចប់ជំនួយទម្លាក់ទៅឱ្យរដ្ឋនីមួយៗ អាជ្ញាធរមូលដ្ឋាន និងការការពារបំណុលអាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here