តំបន់ឧដុង្គកំពុងតែទាក់ទាញគម្រោងបុរីលំនៅដ្ឋាន និងសួនឧស្សាហកម្មកាន់តែច្រើន

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ តំបន់ឧដុង្គ ខេត្តកំពង់ ដែលស្ថិតនៅជាប់តំបន់ជាយរាជធានីភ្នំពេញកំពុងតែបន្តបង្ហាញពីសក្ដានុពលរបស់ខ្លួនជាមួយនឹងវត្តមាននៃគម្រោងអភិវឌ្ឍន៍សាងសង់សំណង់តូចធំចាបន្តបន្ទាប់ដែលក្នុងនោះមានទាំងគម្រោងអភិវឌ្ឍន៍ដីសម្រាប់លំនៅដ្ឋាន គម្រោងសាងសង់រោងចក្រ ឃ្លាំង និងសួនឧស្សាហកម្មបន្ថែមពីលើគម្រោងចាស់ដែលមានស្រាប់។

ប្រធានសមាគមអចលនទ្រព្យសកល GRA លោកសំ សុខនឿន បានមានប្រសាសន៍ថា តំបន់ដែលស្ថិតនៅក្នុងស្រុកឧដុង្គ បានក្លាយជាតំបន់ភូមិដ្ឋានរួមទៅហើយ ដែលសាយភាយ និងពង្រីកចេញពីតំបន់ភ្នំរាបចេញទៅ ដែលខុសពីតំបន់ផ្លូវ៥១ បើទោះជាស្ថិតនៅក្នុងស្រុកឧដុង្គដូចគ្នា ប៉ុន្តែស័ក្ដិសមទៅនឹងគម្រោងសាងសង់រោងចក្រ ឃ្លាំងច្រើនច្រើនជាង។

លោកបានបន្តថា “តំបន់ទាំងនេះអាចក្លាយជាទិសដៅនៅក្នុងការអភិវឌ្ឍពង្រីកក្រុងនៅពេលអនាគត ខណៈដែលសព្វថ្ងៃរាជរដ្ឋាភិបាលបាន និងកំពុងពង្រីកសក្តានុពលនៅក្នុងការអភិវឌ្ឍនៅក្នុងវិស័យអចលនវត្ថុ តាមរយៈការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបង្កភាពងាយស្រួលចរាចរណ៍”។

លោកបន្តថា “រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍ គម្រោងពង្រីកតំបន់ឧស្សាហកម្ម ឬហៅថា Industral Zone ទៅកាន់ខេត្តកំពង់ស្ពឺតែម្តង ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងស្រុកឧដុង្គ។ តំបន់នេះគឺជាតំបន់ដែលនឹងត្រូវអភិវឌ្ឍជា Industrial zone នាពេលអនាគត”។

ជាមួយនឹងគម្រោងនៃការអភិវឌ្ឍ លោកសំ សុខនឿន ក៏បញ្ជាក់ផងដែរថា វិស័យអចលនទ្រព្យក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានភាពទាក់ទាញកាន់តែខ្លាំងប្រមាណ២ឆ្នាំចុងក្រោយនេះ ដោយមានគម្រោងវិនិយោគរោងចក្រ សហគ្រាស និងលំនៅឋានថ្មីៗដាច់ដោយឡែកមិនមែនជាបុរីជាច្រើនសាងសង់នៅទីនោះ ជាពិសេស នៅពេលបច្ចុប្បន្ននេះមានអ្នកវិនិយោគកាន់តែច្រើនបាននាំគ្នាទៅសង់លំនៅឋាន ឬពុះដីឡូត៍លក់ជាបន្តបន្ទាប់។

នាយកទីផ្សារ និងផ្នែកលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុនវិមានអចលនទ្រព្យ លោកអ៊ិត វាសនា បានមានប្រសាសន៍ថា ស្ថិតតំបន់ជុំវិញឧដុង្គ ជាពិសេសនៅប៉ែកខាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើនគម្រោង ហើយគម្រោងទាំងអស់នេះ គឺកើតមានតាំងពីអំឡុងចុងឆ្នាំ២០១៩ ប៉ុន្តែដោយសារតែបញ្ហានៃជំងឺរាតត្បាត សកម្មភាពទិញលក់ និងអភិវឌ្ឍន៍គម្រោងនានាត្រូវបានផ្អាកមួយរយៈ។

លោកបន្តថា “ដោយសារការអភិវឌ្ឍយ៉ាងលឿននេះ បានធ្វើឲ្យសកម្មភាពនៃការទិញលក់ចាប់ផ្តើមកម្រើកឡើងវិញ ហើយសកម្មភាពនៃការអភិវឌ្ឍន៍ ក៏ចាប់ផ្ដើមមានឡើងវិញ។ ជាក់ស្ដែងតំបន់ស្ថិតនៅប៉ែកខាងលិច ឈៀងខាងជើងភ្នំឧដុង្គ គឺមានសំណង់រោងចក្រ លំនៅដ្ឋានជាច្រើនកំពុងសាងសង់ជាបន្តបន្ទាប់ ហើយការពុះដីឡូតិ៍ក៏ឃើញមានច្រើនគម្រោងដែរ”។

លោក អុិត វាសនា បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានធំៗមួយចំនួនក៏បានទិញដី សម្រាប់គម្រោងលំនៅឋានតម្លៃសមរម្យរួចហើយដែរ (នៅប៉ែកខាងផ្លូវជាតិលេខ៥) ដូចជាគម្រោងរបស់លោកឧកញ៉ាលី ហួរ ជាដើម ហើយនៅប៉ែកខាងផ្លូវជាតិលេខ៥១ គឺមានគម្រោងខ្លះកំពុងតែមមាញឹកក្នុងការសាងសង ដូចជាគម្រោងបុរី អូរ៉ូរ៉ា និងគម្រោងបណ្តុំលំនៅដ្ឋានផ្សេងៗមួយចំនួនទៀត ហើយមិនយូរប៉ុន្មាន ការអភិវឌ្ឍទាំងអស់នេះនឹងធ្វើឱ្យតំបន់ជុំវិញភ្នំឧដុង្គ ក្លាយជាបណ្តុំលំនៅដ្ឋានមិនចាញ់ តំបន់ភ្នំបាសិតនោះទេ។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម ពីការអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអច លនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០៨៨ ៦៩៩ ៨៥៥ ៣/ ០៨៧ ៧៦០ ៥២៩ / ០៦១ ៨៩០ ៨០៨ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here