អាមេរិក ដំឡើងពន្ធលើគ្រឿងបន្លាស់យន្តហោះ ស្រាបារាំង និងអាល្លឺម៉ង់ ខណៈជម្លោះជាមួយសហភាពអឺរ៉ុបមិនទាន់ចប់

0

ដោយ ៖ សុខុម

វ៉ាស៊ីនតោន: ក្រុមមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធ ទី៣០ ធ្នូថាពួកគេនឹងដំឡើងពន្ធលើផលិតផលមួយចំនួនរបស់សហភាពអឺរ៉ុប ដោយក្នុងនោះរួមទាំងគ្រឿងបន្លាស់យន្តហោះ និងស្រានាំចូលពីប្រទេសបារាំង និងអាល្លឺម៉ង់ផងដែរ អំឡុងពេលជម្លោះរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងព្រុចសែល ជុំវិញការឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតយន្តហោះមិនទាន់បញ្ចប់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០នេះ។


ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (Office of the US Trade Representative) ហៅកាត់ USTR បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងដំឡើងពន្ធលើគ្រឿងបន្លាស់យន្តហោះ និងប្រភេទស្រាមួយចំនួនព្រមទាំងស្រាគោញាក់ (Cognac) និងស្រាប៊្រែនឌី (Brandy) ផ្សេងៗទៀតដែលនាំចូលពីប្រទេសបារាំង និងអាល្លឺម៉ង់។

ទោះជាយ៉ាងណា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកមិនបានបញ្ជាក់ថា ការដំឡើងពន្ធនេះនឹងចូលជាធរមាននៅពេលណាឱ្យប្រាកដឡើយ ប៉ុន្តែបានធ្វើការកត់សម្គាល់ថា ព័ត៌មានបន្ថែមជុំវិញការដំឡើងពន្ធនេះនឹងផ្ដល់ជូនក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការយកពន្ធថ្មីៗទាំងនេះគឺជាវិធានការចុងក្រោយនៅក្នុងជម្លោះរាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានអូសបន្លាយអស់រយៈពេល ១៦ ឆ្នាំជុំវិញការឧបត្ថម្ភដល់អាកាសចរណ៍ស៊ីវិលពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដែលជាគូប្រជែងធំនឹងគ្នា។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលើកឡើងក្នុងថ្ងៃដដែលថា សហភាពអឺរ៉ុប បានគណនាពន្ធដោយមិនត្រឹមត្រួវប្រឆាំងសហរដ្ឋអាមេរិក ដែលត្រូវបានអនុញ្ញាតដោយសេចក្ដីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីខែកញ្ញា នៅក្នុងជម្លោះដែលមិនទាន់បញ្ចប់។ ការិយាល័យនេះបានបន្ថែមថា “សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការមួយចំនួនដើម្បីប៉ះប៉ូវសងសម្រាប់ភាពមិនត្រឹមត្រូវនេះ”។

ភ្លាមៗ តំណាងសហភាពអឺរ៉ុបមិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញចំណាត់ការរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here