ក្រុងសៀមរាបនឹងមានកាស៊ីណូជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ នៅពេលឆាប់ៗខាងមុខនេះ ទីក្រុងសៀមរាបនឹងមានវត្តមានកាស៊ីណូជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួ​ន ដែលផ្តល់ឲ្យភ្ញៀវទេសចរនូវកន្លែងកំសាន្តបន្ថែមទៀត ក្រៅពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

យោងតាមប្រភពព៌តមានអាចទុកចិត្តបានៗបង្ហើបឲ្យដឹងថា ក្រុមហ៊ុន​កាស៊ីណូ Macau Legend Development ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ហុងកុង​នឹងសាងសង់មជ្ឈ​មណ្ឌល​កម្សាន្ត​ដែល​រួមមាន​កាស៊ីណូ និង​សេវា​មិនមែន​ល្បែង​នៅក្នុង​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ដ៏ល្បីល្បាញ​របស់​​កម្ពុជា​ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​កំពុង​ដំណើរការ​នីតិវិធី​ទិញ​ដី​សម្រាប់​គម្រោង​នេះ​។

បើតាមគេហទំព័រ​ព័ត៌មាន​របស់ GGR Asia ដែល​ជា​គេហទំព័រ​ព័ត៌មាន​អំពី​ឧស្សា​ហកម្ម​កាស៊ីណូ​បាន​រាយការណ៍​ថា ​លោក Chow Kam Fai ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Macau Legend Development បាន​លើក​ឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នៅ​អំឡុង​ឆ្នាំ​នេះថា​ ក្រុមហ៊ុន​រំពឹង​ថា​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​ដី​សម្រាប់​ទីតាំង​កាស៊ីណូ និង​សេវា​មិនមែន​ល្បែង​នៅ​សៀមរាប​។

លោក Chow Kam Fai បានមានប្រសាសន៍ប្រាប់គេហទំព័រ GGR Asia កាលពីពេលថ្មីៗនេះថា និតិវិធីនៃ​ការទិញ​ដី​នេះ​ជិត​បញ្ចប់​ហើយ​។ ទាក់ទង​បញ្ហា​សំខាន់ៗ​ដូចជា​ទំហំ​គម្រោង និង​បញ្ហា​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត ខ្ញុំ​ជឿជាក់​ថា​យើង​នឹង​អាច​បង្ហាញ​បញ្ហា​ទាំង​នោះ​ក្នុង​រយៈពេល​ពី​ ២ ទៅ​ ៣ ​ខែ​ទៀត​»​។

គេហទំព័រ​ទេសចរណ៍ដ៏ល្បីល្បាញ TripAdvisor កាលពី​សប្តាហ៍​មុន​បាន​ចាត់​ថ្នាក់​ប្រាសាទ​អង្គរវត្តជាសំណង់បេតិកភ័ណ្ឌពិភពលោកដ៏ធំ និងល្បីល្បាញជាងគេនៅលើពិភពលោក ដោយរយៈពេល៥ខែដើមឆ្នាំនេះ ប្រាសាទអង្គរបានទាក់ទាញភ្ញៀវទេសចរចំនួន១,២០៦,១៨៨នាក់ កើនឡើង​ ១៣,៤២ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទទួលបានចំណូលពីការលក់សំបុត្របានចំនួនជិត ៥៥ លាន ដុល្លារអាមេរិក។

ទោះជាយ៉ាងណាមន្រ្តីទទួលបន្ទុកការងារកាស៊ីណូនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ លោក រស់ ភិរុណ អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​បានឲ្យដឹងថា ​រដ្ឋាភិបាល ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​វិនិយោគ​លើ​​កាស៊ីណូ​ នៅក្នុងខេត្ត​សៀមរាប​នោះ​ទេ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here