ដោយ ៖ រ៉ាវី
ភ្នំពេញ ៖ បើទោះបីជារាជរដ្ឋាភិបាលបានព្យាយាមរកដំណោះស្រាយលើបញ្ហាកកស្ទះចរាចរណ៍តាមរយៈសាលាក្រុង និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយការប្រើរថយន្តក្រុងដឹកអ្នកដំណើរយ៉ាងណាក៏ដោយ ជាលទ្ធផលភាពណែនណាន់តាន់តាប់នៅលើដងផ្លូវនៅតែជាក្ដីកង្វល់ដដែល ដែលជំរុញឱ្យកើតមានគម្រោងបង្កើតផ្លូវ និងរថភ្លើងលើអាកាសមួយខ្សែទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ ។

-->
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងប្រាប់កាលពីព្រឹកមិញនេះថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ គម្រោងសាងសង់ស្ពានអាកាស រួមជាមួយនឹងរថភ្លើងលើអាកាសនឹងត្រូវបានអនុវត្ត ខណៈដែលពេលបច្ចុប្បន្ននេះ ការសិក្សាលម្អិតពីការសាងសង់ត្រូវបានធ្វើឡើងរួចរាល់ហើយនោះ ។ លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តទៀតថា ជាជំហានដំបូង គម្រោងសាងសង់រថភ្លើងលើអាកាសនេះ មានទីតាំងនៅចំណុចជិតផ្សារថ្មី ឆ្ពោះទៅកាន់ព្រលានយន្តអន្តរជាតិ-ភ្នំពេញ ដែលមានប្រវែង18គីឡូម៉ែត្រ ក្រោមជំនួយរបស់អង្គការ Jica ជប៉ុន គ្រោងចំណាយប្រមាណ800លានដុល្លារ។ ដោយឡែកសម្រាប់ផ្លូវរថភ្លើងវិញ នឹងត្រូវធ្វើឡើងជាពីរដំណាក់កាល ដោយបែងចែកនៅលើអាកាសចំនួន14គីឡូម៉ែត្រ និងនៅក្រោមដីមានប្រវែង4គីឡូម៉ែត្រពីស្ថានីយ៍ចំណតដែលស្ថិតនៅក្នុងព្រលានយន្តហោះតែម្ដង។
ជាមួយនឹងការកំណត់គោលដៅសាងសង់នេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ហេតុផលដែលជ្រើសរើសទីតាំងខាងលើនេះក៏ព្រោះជារៀងរាល់ថ្ងៃ មហាវិថីសហព័ន្ធរុស្សី មានភាពកកស្ទះច្រើនជាងគេ ជាពិសេស ជាមហាវិថីសំខាន់បំផុតក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្តនានា ក៏ដូចជាមានភាពមមាញឹកសម្រាប់អ្នកដែលធ្វើដំណើរចាកចេញទៅក្រៅប្រទេសតាមរយៈការហោះហើរផងដែរ ។
គួរបញ្ជាក់ផងដែរថា ចំពោះគម្រោងនៃការសាងសង់ខ្សែផ្លូវរថភ្លើងសារធារណៈលើអាកាសត្រូវបានធ្វើការសិក្សាតាំងពីអំឡុងឆ្នាំ2014 ទៅលើផ្លូវចំនួន 3ខ្សែ ដោយខ្សែទី1 ចាប់ផ្តើមពីមហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី2 ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខ្សែទី3 ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េតផ្លូវវ៉េងស្រេងរង្វង់មូលចោមចៅបត់មកអាកាស យានដ្ឋានអន្តរជាតិភ្នំពេញវិញ ៕