ដោយ : ដែន ចែងចាំង
ភ្នំពេញ : ធនាគារជាតិនៃកម្ពុជា នឹងលើកយកគោលដៅអទិភាពក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ចចំនួន៥ ដើម្បីប្រកួតប្រជែងដណ្តើមយកជ័យលាភីប្រចាំឆ្នាំ២០១៨ ដើម្បីប្រែក្លាយវិស័យទាំងនោះឲ្យកាន់តែមានសក្តានុពល ។
យោងតាមសេចក្តីជូនដំណឹងស្តីពី ការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៨ របស់ធនា គារជាតិនៃកម្ពុជា ក្រោមប្រធានបទ “ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា” គឺបានផ្តោតទៅលើវិស័យអទិភាពម៉ាក្រូសេដ្ឋកិច្ចចំនួន៥ រួមមាន ការជម្រុញវិស័យកសិកម្ម ការពង្រីកមូលដ្ឋាននាំចេញ ផលិតផលនិងទីផ្សារការធ្វើសមាហរណកម្ម ជាមួយបណ្តាញផលិតកម្ម និងខ្សែសង្វាក់នៃការផ្គត់ផ្គង់ក្នុងតំបន់ ការប្រើប្រាស់សក្តានុពលទេសចរណ៍ និងការរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ខណៈដែលកំណើនសេដ្ឋកិច្ចរឹងមាំ គូបផ្សំនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាជាលំដាប់។
វិស័យជាទិភាពក្នុងម៉ាក្រូសេដ្ឋកិច្ច ដែលលើកមកប្រកួតប្រជែងរួមមាន ទី១ ការជម្រុញវិស័យកសិកម្ម ទី២ ការពង្រីកមូលដ្ឋាននាំចេញរួមមាន ផលិតផលនិងទីផ្សារ (ពិនិត្យលើនិន្ទាការថ្មីៗ ក្នុងការធ្វើពិពិធកម្មនាំចេញ រួមទាំងឧបសគ្គនិងផលិតផលនៃទិសដៅនាំចេញ ការវាយតម្លៃផលិតផល និងទីផ្សារដែលមានសក្តានុពល សម្រាប់ការធ្វើពិពិធកម្ម នាំចេញនាពេលអនាគត និងពិចារណាគំនិតផ្តូចផ្តើមគោលនយោបាយក្នុងស្រុក ដែលអាចពិចារណាយកសក្តានុពលនោះបាន ទី៣ ការធ្វើសមាហរណកម្មជាមួយបណ្តាញផលិតកម្ម និងខ្សែសង្វាក់នៃការផ្គត់ផ្គង់ក្នុងតំបន់ (ពិនិត្យស្ថានភាព ថ្មីៗនៃការចូលរួមរបស់កម្ពុជា ក្នុងបណ្តាញផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ជាដើម ។
ទី៤ ការប្រើប្រាស់សក្តានុពលទេសចរណ៍ (សិក្សាសក្តានុពលទេសចរណ៍ ដើម្បីរួមចំណែកគាំទ្រ ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ និងកំណត់គោលនយោបាយក្នុងការប្រើប្រាស់សក្តានុពលទាំងនោះរួមមាន ការធ្វើឲ្យមានកំណើនរឹងមាំក្នុងវិស័យទេសចរណ៍ សំដៅដល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងស្រុក និងទី៥ ការរៀបចំកម្លាំងពលកម្មសម្រាប់អនាគត (ដោយសារការកើនឡើងនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងស្វ័យប្រវត្តិកម្មការងារ ជាច្រើននាពេលអនាគតអាចបាត់បង់ ខណៈការងារថ្មីៗដែលត្រូវការជំនាញផ្សេងៗគ្នា ដែលតម្រូវឲ្យប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលត្រូវមានភាពបត់បែន ដើម្បីឲ្យយុវជនទទួលបានជំនាញដែលជាតម្រូវការនាពេលអនាគត។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែង អាចជ្រើសរើសយកប្រធានបទណាមួយ សូមផ្ញើរប្រវត្តិរូបសង្ខេបមក អគ្គនាយកដ្ឋានបច្ចេកទេស នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងជ្រើសរើសអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍិ ដើម្បីបង្ហាញក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៨ ក្នុងនោះអ្នកជាប់ជ័យលាភី និងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងបោះពុម្ភផ្សាយលើគេហទំព័រ និងព្រឹត្តបត្រត្រីមាសរបស់ធនាគាជាតិនៃកម្ពុជា ៕