ដោយ : គង់ សូរិយា
ភ្នំពេញៈ ដោយគិតគូពីការលើកំពស់តំបន់ និងជួយសេដ្ឋកិច្ចមូលដ្ឋាន អ្នកវិនិយោគក្នុងស្រុកមួយក្រុម បានបោះទុនវិនិយោគជាង៣០លានដុល្លារអាមេរិក បានបោះទុនវិនិយោគលើបុរីស្តង់ដាអន្តរជាតិមួយ ពិសេសក្នុងគំរោងនេះផ្សារទំនើបមួយ ដែលនឹងក្លាយជាទីចំណតឈប់សំរាកលំហែរកាយ ញុំាអាហារនិងទិញទំនិញសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់តំបន់់នេះ។
លោកបណ្ឌិតតេង រិទ្ឋីដែលជាម្ចាស់គំរោងអភិវឌ្ឍន៍បុរីKrek City Gardenបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារយើងឃើញមានផ្សារនៅតំបន់នេះពីរបីកន្លែង ប៉ុន្តែវាជាផ្សារមិនទាន់មានស្តង់ដា មិនមានអនាម័យ ផ្លូវដើរតូចចង្អៀត និងមានសភាពចាស់ទ្រុឌទ្រោម ទើបយើងបានវិនិយោគផ្សារថ្មីមួយ ដែលមានស្តង់ដា បែបពហុវប្បធ៌មមួយបែបចិន អឺរ៉ុប និងបែបខ្មែរ ដែលមានលក់ទំនិញពេលព្រឹក ថ្ងៃត្រង់ និងដល់ពេលរាត្រី។
លោកបន្តថា “ដោយសារផ្សារនៅមូលដ្ឋានលក់តែពេលព្រឹក ធ្វើឲ្យលំហួរសេដ្ឋកិច្ចមិនដើរបានល្អ ពួកគាត់ចាយប្រាក់តែពេលព្រឹក ហេតុនេះទើបយើងលក់នៅពេលព្រឹក ថ្ងៃត្រង់និងពេលយប់បន្ថែមទៀត”។ លោកបន្តថា “ប្រជាជនមូលដ្ឋានជាអ្នកចាយលុយ ហេតុនេះ ពួកគេមិនដឹងយកទៅចាយនៅតំបន់ណា ទើបយើងរៀបចំផ្សារនេះឡើង ដែលមានលក់អាហារ ទំនិញ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ៗដែលដាំបាននៅជុំវិញតំបន់នោះ”។
លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា នៅរាជធានីភ្នំពេញមានផ្សារច្រើន ដែលប្រជាជនអាចដើរកំសាន្តទិញទំនិញបាន និងជាផ្សារមានស្តង់ដា ប៉ុន្តែនៅតាមបណ្តាស្រុកយើងមិនទាន់មាន ហេតុនេះទើបលោកបង្កើតផ្សារនេះឡើង ដោយរៀបចំផ្លូវដើរមានទំហំធំៗ ស្តង់ឬតូបផ្សារមានទំហំ៣គុណនឹង៣ម៉ែត្រ ទៅ៤គុណនឹង៤ម៉ែត្រ ដែលផ្តល់នូវបរិយាកាសលក់ដូរ និងអ្នកដើរផ្សារអាចរីករាយជាមួយការកំសាន្តរបស់ពួកគេ។ លោកបន្តថា ម្យ៉ាងទៀត តំបន់នេះមានច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ដែលជាច្រកទ្វារព្រំដែនជាមួយប្រទេសវៀតណាមធំទី២ ដែលទីតាំងរបស់យើងស្ថិតនៅផ្លូវជាតិលេខ៧ ជាផ្លូវអាស៊ាន មានមនុស្សធ្វើដំណើរច្រើន អ៊ូរអរ ដោយសារប្រជាពលរដ្ឋធ្វើដំណើរ ទៅលេងកំសាន្តនៅខេត្តមណ្ឌលគិរី រតនៈគិរីជាដើម។
លោកបន្តថា “អញ្ចឹងនៅពេលដែលយើងរៀបចំផ្សារនេះបានរួចរាល់ យើងសង្ឃឹមងថា ផ្សារនេះនឹងក្លាយជាកន្លែងទីចំណតឈប់សំរាក១ (Stop By) ដែលមានស្តង់ចំនួន៤០០ ដែលមានហាងកាហ្វេ ហាងលក់ទំនិញលក់វត្ថុអនុស្សាវរីយ៍ និងមានរៀបចំកម្មវិធីកំសាន្តចុងសប្តាហ៍ផងដែរ”។លោកបន្តថា “ផ្សាររបស់យើងជាផ្សារបែបពហុអាជីវកម្ម ពហុទំនើប ព្រោះអាគាររបស់យើងជាអាគារថ្ម និងមានដំបូងថ្ម មិនមែនដំបូលស័ង្កសីទេ ហើយការវិនិយោគផ្សារនេះមិនផ្តោតលើផលចំណេញទេ តែយើងចង់ចូលរួមលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន និងលើកកំពស់សេដ្ឋកិច្ចជាតិ”។
លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា នៅជុំវិញផ្សារនេះមានផ្ទះអាជីវកម្ម ដែលមានភាពទំនើប ដែលអាចលក់ទំនិញ ពិសេសមុខផ្ទះមានសល់កន្លែងទំនេរ ដែលអាចជាចំណតទំហំចន្លោះពី១៥ទៅ៣០ម៉ែត្រ ហើយអ្វីកាន់តែពិសេសផ្លូវចូលក្នុងគំរោងនេះ ជាប្រភេទផ្លូវភ្លោះ មានសួនច្បារ និងផ្ទះនិមួយៗរៀបចំសាងសង់ឡើង ដោយគិតគូជាចម្បងដល់សុខភាពអ្នករស់នៅឲ្យមានសុខភាពល្អ ក្នុងផ្ទះមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់៕