ដោយ ៖ រ៉ាណេត
កំពត ៖ បច្ចុប្បន្នតំបន់ជើងភ្នំបូកគោ បាននិងកំពុងក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍ដ៏មានសក្ដានុពល ខណៈដែលគម្រោងធំៗជាច្រើនបានបង្ហាញវត្តមានជាបន្តបន្ទាប់ ជាពិសេសគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានលំហែរកាយបែបទំនើប។
លោក Cooler Tan ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន YOUNGSIA Real Estate បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា តំបន់ជើងភ្នំបូកគោ នៅពេលបច្ចុប្បន្ននេះកំពុងបង្ហាញពីសក្តានុពលខ្ពស់លើការវិនិយោគ ជាពិសេសចំពោះគម្រោងនៃការរៀចំ និងអភិវឌ្ឍន៍ទៅជាកន្លែងលម្ហែកាយកម្រិតខ្ពស់។
លោកបានបញ្ជាក់ថា “យើងឃើញថាតំបន់នេះ (ជើងភ្នំបូកគោ) បាននិងកំងទាក់ទាញអ្នកវិនិយោគជាច្រើន។ និយាយជារួមខេត្តកំពតនេះ នឹងមានការអភិវឌ្ឍលំដាប់ទី២បន្ទាប់ពីខេត្តព្រះសីហនុ ហើយអ្នកវិនិយោគជាច្រើនកំពុងដើររកទិញដីធំៗ សម្រាប់ធ្វើការវិនិយោគរបស់ខ្លួនលើវិស័យជាច្រើនដូចជាការអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋាន កន្លែងលម្ហែកាយ រួមជាមួយនឹងគម្រោងបង្កើតក្រុងថ្មីនៅតំបន់ជើងភ្នំ”។
នៅតំបន់ភ្នំបូកគោដែលកំពុងលេចចេញនូវគម្រោងអភិវឌ្ឍន៍យ៉ាងច្រើននេះ ក្រៅតែពីគម្រោងអភិវឌ្ឍន៍ក្រុងថ្មីដ៏ធំធេងរបស់ក្រុមហ៊ុនសុខាដែលមាន៤ទីតាំង ក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍សម្រាប់ប្រភេទវីឡាបែបលំហែរកាយកម្រិតខ្ពស់ បូកគោលែន ដែលមានចម្ងាយប្រមាណជាង២០០ម៉ែត្រពីក្លោងទ្វារចូលរមណីយដ្ឋានបូកគោកំពុងមានធ្វើសកម្មភាពអភិវឌ្ឍន៍យ៉ាងមមាញឹកផងដែរ។
លោក Cooler Tan បានមានប្រសាសន៍បន្តទៀតថា “ជាមួយនឹងសកម្មភាពនៃការអភិវឌ្ឍគម្រោងជាច្រើននៅពេលនេះ មិនយូរទៀតនោះទេតម្លៃដីធ្លីនៅតំបន់ជើងភ្នំបូកគោនឹងមានការកើនឡើងខ្ពស់ ពោលគឺត្រឹមរយៈពេល២ឆ្នាំទៀត តម្លៃដីនៅតំបន់នេះអាចនឹងឡើង ១ x ៣ ពោលគឺគ្រប់ការទិញ និងវិនិយោគនៅពេលនេះមានឱកាសចំណេញច្រើនបំផុត។ ជាក់ស្ដែងគ្រាន់តែសកម្មភាពអភិវឌ្ឍន៍របស់គម្រោងបូកគោលែននៅពេលបច្ចុប្បន្ននេះបានជំរុញឱ្យតម្លៃដីដែលស្ថិតនៅក្បែរឡើងថ្លៃរួចទៅហើយ”។
លោកបានបញ្ជាក់ថា បន្តិចទៀត កំពតនឹងក្លាយជាខេត្តដែលមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍មិនចាញ់ក្រុងព្រះសីហនុនោះទេ ព្រោះក្រៅពីមានភាពអំណោយផលពីធម្មជាតិជាតំបន់ទេសចរណ៍ធម្មជាតិកម្រិតខ្ពស់ជាច្រើនទីតាំង និងការបណ្តាក់ទុនវិនិយោគបន្ថែមពីវិស័យឯកជន ថែមទាំងមានសក្ដានុពលក្នុងវិស័យពាណិជ្ជកម្មផងដែរ ខណៈដែលក្រុមហ៊ុនវិនិយោគអន្តរជាតិបានបណ្តាក់ទុនប្រមាណ២០០០លានដុល្លារក្នុងការបង្កើតទីក្រុងកែបថ្មី គម្រោងបង្កើតផ្សារទំនើបរបស់ក្រុមហ៊ុនវៀតណាម និងការបង្កើតកំពង់ផែទឹកជ្រៅរបស់ក្រុមហ៊ុនចិនបន្ថែមពីលើកំពង់ផែដែលមានស្រាប់៣ទីតាំងបម្រើដល់វិស័យដឹកជញ្ជូន។
បន្ថែមពីនេះ នៅមានកំពង់ផែទេសចរណ៍កម្រិតខ្ពស់ក្រោមការវិនិយោគពីសំណាក់រាជរដ្ឋាភិបាល រួមជាមួយនឹងគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុងផងដែរ។ ដូច្នេះ គ្រប់គម្រោង និងសកម្មភាពអភិវឌ្ឍន៍ទាំងអស់នេះនឹងជំរុញតម្លៃដីធ្លីនៅក្នុងខេត្តកំពត ជាពិសេសតំបន់ដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍នៃជើងភ្នំបូកគោនឹងឡើងថ្លៃយ៉ាងប្រាកដ៕