ដោយ : ដែន ចែងចាំង
ភ្នំពេញ : ស្របពេលរាជធានីភ្នំពេញ មិនសូវមានកន្លែងកំសាន្តសម្រាប់ភ្ញៀវទេសចរណ៍ វិស័យឯកជនដែលធ្វើការលើវិស័យនេះបានស្នើអាជ្ញាធរក្រុង និងក្រសួងទេសចរណ៍ រៀបចំតំបន់មាត់ទន្លេជាកន្លែងសម្រាប់ថ្មើជើងឬ Walk Street នាពេលរាត្រី។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ភ្ញៀវទេសចរអន្តរជាតិមកទស្សនារាជធានីភ្នំពេញ ពួកគេមិនបានស្នាក់នៅរយៈពេលយូរនោះទេ ដោយសារនៅភ្នំពេញមិនសូវមានកន្លែងកំសាន្តសំរាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ហេតុនេះសមាគមចង់ឃើញអាជ្ញាធររៀបចំតំបន់ដើរកំសាន្តនាពេលរាត្រីនៅមាត់ទន្លេ ដែលអាចដើរកំសាន្តដោយគ្មានការរំខានពីយានយន្តនានា។
-->

លោកស្រីបន្តថា “ខ្ញុំគិតថាតំបន់មាត់ទន្លេ ចាប់ផ្តើមពីមុខព្រះបរមរាជវាំង ទៅដល់ផ្សាររាត្រី ជាកន្លែងស័ក្តិសមបំផុតសំរាប់រៀបចំ walk Street ដើម្បីផ្តល់ជាកន្លែងកំសាន្តនិងទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិ”។លោកស្រីបន្ថែមថា “តំបន់នេះអាចរៀបចំជាតំបន់គ្មានយានយន្ត ចាប់ពីម៉ោង៥-១០យប់ ពិតជាល្អ ហើយខ្ញុំជឿថាវានឹងទាក់ទាញភ្ញៀវទេសចរនិងបង្កើតភាពរសរវើកនាពេលរាត្រីសម្រាប់ក្រុងភ្នំពេញ”។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងស្រដៀងគ្នាថា នៅរាជធានីភ្នំពេញមានការអភិវឌ្ឍជាច្រើនគួរឲ្យកត់សំគាល់ ប៉ុន្តែរមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរនៅមានកម្រិតនៅឡើយ ដែលមិនអាចទាក់ទាញឲ្យភ្ញៀវស្នាក់នៅយូរបានទេ ហេតុនេះការរៀបចំរមណីយដ្ឋានទេសចរណ៍ ផលិតផលទេសចរណ៍ថ្មីៗជារឿងចាំបាច់ ដើម្បីផ្តល់កន្លែងកំសាន្តសម្រាប់ភ្ញៀវនាពេលរាត្រី។

លោកបន្តថា “ការរៀបចំតំបន់ដើរកំសាន្ត នៅមុខព្រះបរមរាជវាំង ដល់ផ្សាររាត្រីជាការល្អប្រសើរណាស់ ដើម្បីធ្វើឲ្យតំបន់នេះកាន់តែមានភាពរសរវើក និងផ្តល់កន្លែងកំសាន្តសំរាប់ភ្ញៀវអន្តរជាតិ”។លោកបន្តថា “កន្លងមកយើងមានផ្សាររាត្រីដែរ តែមានទំហំតូច និងមានភាពទាក់ទាញនៅមានកម្រិត ដោយសារផ្សារនេះមិនបានលក់ផលិតផលខ្មែរដូចជាគំនិតដែលផ្តួចផ្តើមពីមុនមកទេ”។
ក្នុងជំនាន់លោក កែប ជុតិម៉ា ធ្វើជាអភិបាលក្រុង លោកគ្រោងសហការជាមួយក្រសួងទេសចរណ៍រៀបចំ Walk Streetនៅតំបន់នេះហើយ ប៉ុន្តែដោយសារមានការជំទាស់ពីប្រជាពលរដ្ឋនៅតំបន់នេះ ទើបគំរោងនេះត្រូវបានផ្អាករហូតមកទល់ពេលនេះ។
អ្នកជំនាញទេសចរណ៍មួយរូប បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា រឿងខ្លះអាជ្ញាធរគួរប្រើកណ្តាប់ដៃដែក ដើម្បីអនុវត្តន៍បាននូវគំរោងអ្វីមួយ ព្រោះការលើកឡើងឬការជំទាស់របស់ប្រជាពលរដ្ឋ ភាគច្រើនភ័យខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួន ជាជាងផលប្រយោជន៍សាធារណៈ។ លោកបន្តថា ប្រសិនជាមានការរៀបចំតំបន់ដើរកំសាន្ត ឬ walk street នៅលើតិរវិថីព្រះស៊ីសុវត្ថិ ពីមុខព្រះបរមរាជវាំងដល់សួនផ្សារផ្សារចាស់ ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹងទទួលបានផលប្រយោជន៍កាន់តែច្រើន ក្នុងការធ្វើអាជីវកម្មរបស់ពួកគេ៕