ដោយ: គង់ សូរិយា
ភ្នំពេញ: ជាការកត់សម្គាល់ ចាប់ពីខែមករា ឆ្នាំ២០២១មកតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា បានកើនតម្លៃបន្តិចម្តងៗជាលំដាប់ ដោយប្រេងសាំងធម្មតាកើនពី ៣,២០០រៀល មកដល់ ៣,៧៥០រៀល ក្នុងមួយលីត្រ។
ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចបានឱ្យដឹងថា ការឡើងថ្លៃនេះបណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងដោយសាររដ្ឋាភិបាលថ្មី ចាប់ផ្តើមដំណើរការឡើងវិញ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងមកថា ការឡើងថ្លៃប្រេង ដោយសារតែអាមេរិក បានវាយលុកចូលទីផ្សារភាគហ៊ុននៃវិស័យប្រេង ទើបធ្វើឱ្យដំណើរការថ្លៃប្រេងល្អប្រសើរឡើងវិញ និងមានវិបត្តិមួយចំនួននៅក្នុងប្រទេសអារ៉ាប់សាអូឌីត។ ដូច្នេះវិបត្តិទាំងអស់នេះហើយ ធ្វើឱ្យថ្លៃប្រេងឡើងថ្លៃ។
លោកបន្តថា “ប្រទេសកម្ពុជាថ្វីត្បិតតែមានដំណក់ប្រេងខ្លួនឯង តែយើងមិនអាចចំរាញ់ប្រេងនេះ ទៅជាប្រេងសាំងប្រើក្នុងស្រុកទេ គឺយើងលក់ប្រេងឆៅ ដូច្នេះហើយប្រេងដែលប្រើបច្ចុប្បន្ននេះជាប្រេងនាំចូល”។ លោកបន្ថែមថា“ទោះជារដ្ឋាភិបាលបានធ្វើឧបត្ថម្ភធនទៅលើថ្លៃប្រេងដោយស្ងៀមស្ងាត់ ទាក់ទងទៅនឹងការបន្ធូរបន្ថយពន្ធនាំចូលថ្លៃប្រេងក៏ដោយ ក៏នៅតែថ្លៃប្រេងនៅតែមានកំណើនខ្ពស់ តាមរយះថ្លៃប្រេងអន្តរជាតិ”។







