ក្រុមហ៊ុនផលិតរថយន្តចិនGeely គ្រោងបោះទុន៤៦០០លានដុល្លារវិនិយោគលើរោងចក្រផលិតអាគុយរថយន្តអគ្គិសនី

0

ដោយៈសុខុម
ញូវដេលីៈ សារព័ត៌មាន CNN បានចុះផ្សាយកាលពីថ្ងៃទី១៦ មីនា ថា ក្រុមហ៊ុនផលិតរថយន្តចិនGeely គ្រោងបោះទុនវិនិយោគរហូតដល់ ជិត៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិត អាគុយរថយន្ដអគ្គិសនីមួយកន្លែងនៅប្រទេសចិន ដើម្បីដណ្ដើមចំណែកទីផ្សារដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ក្រុងគ័ងចូវ (Ganzhou) កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនឱ្យដឹងថា ក្រុមហ៊ុននេះ គ្រោងវិនិយោគទឹកប្រាក់ចំនួន៣០ពាន់លានយ័ន(៤,៦ ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រផលិតអាគុយមួយនៅទីក្រុងនេះ។


រោងចក្រនេះនឹងមានសមត្ថភាពផលិតអាគុយ ដែលគិតជាកម្លាំងអគ្គិសនីសរុបបាន៤២ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ទំហំសមត្ថភាពផលិតនេះ គឺស្រដៀងគ្នាទៅនឹងទំហំសមត្ថភាពផលិតរបស់រោងចក្រ ដែលក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen ប្រកាសកាលពីថ្ងៃច័ន្ទ ទី១៥ មីនា ថាខ្លួនគ្រោងនឹងសាងសង់នៅអឺរ៉ុប។

ក្រុមហ៊ុនGeelyបានបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើគណនី WeChat របស់ខ្លួនថា ខ្លួនពិតជាបានចុះព្រមព្រៀងវិនិយោគនេះ កាលពីចុងសប្តាហ៍កន្លងទៅប្រាកដមែន។ ក្រុមហ៊ុននេះបានបន្ថែមទៀតថា ខ្លួនបានចាប់ផ្ដើមធ្វើការជាមួយក្រុមហ៊ុនផលិតអាគុយក្នុងស្រុក Farasis Energy រួចទៅហើយ។

យោងតាមក្រុមហ៊ុនសិក្សាស្រាវជ្រាវ របស់អង់គ្លេស S&P Global Platts ឱ្យដឹងថា តាមការរំពឹងទុក តម្រូវការអាគុយនឹងកើនឡើងខ្លាំងនៅប្រទេសចិន នៅពេលការលក់រថយន្ដអគ្គិសនីក្នុងប្រទេសនេះ ត្រូវបានព្យាករថានឹងឈានដល់ចំនួន៦លានគ្រឿងនៅត្រឹមឆ្នាំ២០២៥។
បណ្ដាក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក កំពុងពន្លឿនផែនការផលិតយន្តអគ្គិសនី នៅពេលពួកគេទទួលរងសម្ពាធ កាន់តែខ្លាំងឡើងពីក្រុមនិយ័តករ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។ នៅប្រទេសចិន រដ្ឋាភិបាលបាន និងកំពុងជំរុញយ៉ាងខ្លាំងឱ្យបង្កើនការផលិតរថយន្តអគ្គិសនីឱ្យបានកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថានក្នុងប្រទេសរបស់ខ្លួន ហើយទាំងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងក្រុមហ៊ុនផលិតរថយន្តបរទេសបានប្រកួតប្រជែងគ្នាខ្លាំងកាលពីឆ្នាំមុន។

ខណៈក្រុមហ៊នGeely ប្រកាសការចាប់ដៃគូសហការ យ៉ាងស្វាហាប់របស់ខ្លួន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk ច្បាស់ជាជួបការលំបាកហើយនៅក្នុងទីផ្សារប្រទេសចិន។

ក្រុមហ៊ុនសហរដ្ឋអាមេរិក មួយនេះត្រូវបានក្រុមនិយ័តករចិន កោះហៅរហូតដល់ទៅ ៥ ដងក្នុងខែកុម្ភៈ ដើម្បីសួរនាំអំពីគុណភាពរថយន្តរបស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្ដចិន BYDDF ដែលមានមហាសេដ្ឋីអាមេរិក Warren Buffett គាំទ្រពីក្រោយខ្នង បានជែងឈ្នះក្រុមហ៊ុន Tesla ក្លាយជាប៊្រែន ឬយីហោរថយន្ដអគ្គិសនីដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន នៅដើមឆ្នាំ២០២១ នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here